Register Already an agent ? Login

ខេត្តស្វាយរៀង ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធដីធ្លី ១៧,៧០៨បណ្ណ

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តស្វាយរៀង និងចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅស្រុករំដួល។

ខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ ដោយត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, នៅក្នុងសកម្មភាពការងារបោះសម្អាតមីន ត្រូវបានប្រកាសជាខេត្តទី៨ ក្លាយជាខេត្តអស់មីន និងជាពិសេសនៅថ្ងៃនេះ នៅក្នុងវិស័យដីធ្លី ក៏ត្រូវបានប្រកាសជាខេត្តទី៣ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធថែមទៀត។ ជាការថ្លែង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

ពិធីប្រកាសខេត្តស្វាយរៀង បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍សា បានថ្លែងបន្តថា លទ្ធផលដ៏ល្អប្រសើរជាប្រវត្តិសាស្ត្រក្នុងវិស័យដីធ្លីនេះ គឺពុំមែនកើតឡើងដោយការចៃដន្យនោះទេ ជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែង និងមានការចូលរួមសហការ និងគាំទ្រពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋជាម្ចាស់ដី ខ្លួនឯងផ្ទាល់។

ក្រោយបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្ដល់បណ្ណកម្មសិទ្ធិ ១០០% ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត គឺពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី កាត់បន្ថយ និងឈានទៅលុបបំបាត់បាននូវវិវាទផ្សេងៗដែលបណ្ដាលមកពីដីធ្លី។ ជាការថ្លែងបន្តទៀត លោក ប៉េង ពោធិ៍សា។

លោក អភិបាលខេត្តរូបនេះ បានថ្លែងបន្ថែមថា ជាមួយគ្នានេះបង្កភាពអំណោយកាន់តែខ្ពស់ ធ្វើប្រជាពលរដ្ឋជា ម្ចាស់កម្មសិទ្ធិ អាចប្រើប្រាស់ដីធ្លីរបស់ខ្លួនសម្រាប់ការងារបង្កបង្កើនផលឱ្យអស់លទ្ធភាព អភិវឌ្ឍ និងធ្វើអាជីវកម្មលើដីជា កម្មសិទ្ធិរបស់ខ្លួនប្រកបទំនុកចិត្ត ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ។

សម្តេច ម៉ែន សំអន បានអញ្ជើញជាអធិបតីភាពនាពិធីនេះ បានថ្លែងថា ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធនឹង បម្រើឧត្តមប្រយោជន៍របស់ប្រជាជនគ្រប់រូបនិងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋានច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយនិងបញ្ចប់វិវាទទាំងឡាយ ដោយចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិដែលជាឫសកែវនៃសុខសន្តិភាព។

ម្យ៉ាងវិញទៀត ការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យខេត្តរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ជាការគូសបញ្ជាក់ សម្តេច ម៉ែន សំអន។

នាឱកាសនោះ សម្តេច ម៉ែន សំអន បានថ្លែងអំណរគុណ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រយ៉ាងពេញលេញក្នុងការដឹកនាំ និងជំរុញដល់អង្គភាពពាក់ព័ន្ធ ជាពិសេស ការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់មន្រ្តីជំនាញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបានជោគជ័យតាមផែនការ ទិសដៅ និងចក្ខុវិស័យដ៏មានសារសំខាន់នេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)