
ព្រះសីហនុ៖ តាមរយៈការអនុវត្តន៍ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ចាប់តាំងពីការដាក់ឱ្យអនុវត្តរហូតដល់ដើមឆ្នាំ២០២៥នេះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តមានសរុបចំនួន ២៥៥គម្រោង មានទុនវិនិយោគសរុប ៦.៥៩០លានដុល្លារ។ បើតាមការលើកឡើង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេច ធិបតី កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ។ ជាការលើកឡើងបន្ត លោក ឡុង ឌីម៉ង់ ព្រោះកម្មវិធីពិសេសបានបង្កើតជំនឿទុកចិត្ត និងសម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង លើកកម្ពស់បរិយាកាសវិនិយោគ។
លោក បានបន្តទៀតថា ខណៈ អគារជាប់គាំងត្រូវបានចាប់ផ្តើមសាងសង់ និងសកម្មភាពធុរកិច្ចមានការកើនឡើង ព្រមទាំងទាក់ទាញគម្រោងវិនិយោគសក្តានុពល ដូចជារោងចក្រផលិត បន្ទះសូឡា រោងចក្រ ផលិតស៊ុមអាលុយមីញូម សួនកសិឧស្សាហកម្ម, និង តំបន់សេដ្ឋកិច្ចពិសេស ជាដើម។
បើតាម អភិបាលរងខេត្តនេះ បានឱ្យដឹងថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៤ ក្នុងរយៈពេល១១ខែ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣គម្រោង ស្មើនឹង២១៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០គម្រោង ដែលមានទុនវិនិយោគ ៦.០២៦លានដុល្លារ លើសសូចនាករសមិទ្ធកម្មបានកំណត់ត្រឹម ១.០០០លានដុល្លារ ដោយប៉ាន់ស្មានអាចបង្កើតការងារចំនួន ៣៩.៥៧៨កន្លែង លើសសូចនាករសមិទ្ធកម្ម កំណត់ត្រឹម ៥.០០០កន្លែង។
សម្រាប់ឆ្នាំ២០២៥នេះ ក្រុមការងារក៏បានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤២គម្រោងបន្ថែមទៀត ដូច្នេះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តមានសរុប ២៥៥គម្រោង ដែលមានទុនវិនិយោគប៉ានស្មានសរុប ៦.៥៩០លានដុល្លារ។ ជាការបន្ថែម អភិបាលរងខេត្តដដែល ឱ្យដឹងទៀតថា ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមាន១១៩គម្រោង គម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី)មាន ១០៧គម្រោង គម្រោងពង្រីកមាន១៩គម្រោង និងគម្រោងវិនិយោគដែលមានស្រាប់ ១០គម្រោង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)