Register Already an agent ? Login

សម្តេចធិបតី នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែអន្តរជាតិកំពតតម្លៃ ១៤០លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៤

កំពត៖ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែអន្តរជាតិកំពតដំណាក់កាលទី១ មានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០TEU នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ដែល AMS Economy ស្រង់សំដី បានឱ្យដឹងថា ក្រុមហ៊ុន Kampot Port Co., Ltd. ទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលនាឆ្នាំ២០០៧ លើផ្ទៃដីសរុប ៧០០​ហិកតា ដើម្បីអភិវឌ្ឍកំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស (Kampot SEZ)។

លោក បានបន្តថា ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំសាង​សង់​កំពង់ផែ ជាកំពង់ផែទំនិញ និងកុងតឺន័រ (KAMPOT INTERNATIONAL PORT) ស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច និងឃុំបឹងទូក ស្រុកកំពត ខេត្តកំពត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១។ ក្រសួងដឹកជញ្ជូន បានចេញលិខិតអនុញ្ញាតសាងសង់កំពង់ផែ ជូនដល់ក្រុមហ៊ុន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។

កំពង់ផែអន្តរជាតិកំពត ត្រូវសាងសង់ជាពីរជំហានធំៗគឺ ជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ ជាការបន្ត លោក ផន រឹម បន្តទៀថា កំពង់ផែនេះបានបញ្ចប់​ការសាង​សង់នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ជំហានទី១ មានទំហំ ៣៥០ម៉ែត្រ គុណនឹង ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់​នាវាបង្វិល​ខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០តោន ចូលចតបាន។ កំពង់ផែ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០តោន ចំនួន ១គ្រឿង។

លោក បានបន្ថែមថា ចំណែកជំហានទី២ ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិត​អនុញ្ញាត​ធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ជំហានទី២នេះ មានទំហំ ៤៥០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០ ០០០តោន ចូលចតបាននិងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ហិកតា។ បើតាមអ្នកនាំពាក្យដដែល។

បើតាមអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត បានឱ្យដឹថា កំពង់ផែទឹកជ្រៅថ្មីនេះ បានចំណាយពេលសាងសង់អស់រយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ កំពង់ផែនេះ នឹងអាចឱ្យ​នាវាដឹក​ទំនិញចំណុះ ២០.០០០តោន អាចចូលបាននិងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។

សម្រាប់ដំណាក់កាលទី១ នេះចំណាយថវិកាអស់សរុប ១៤០លានដុល្លារ លើការសាងសង់​មាន​ជាអាទិ៍ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញ​ចូលគ្រប់​ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ។ បើតាមការបន្ត អ្នកឧកញ៉ា វិញ ហ៊ួរ។

អ្នកឧកញ៉ា វិញ ហ៊ួរ បានគូសបញ្ជាក់ថា កំពង់ផែនេះ មិនត្រឹមតែជួយជំរុញ និងលើកកម្ពស់ការនាំចេញនាំចូលនោះទេ កំពង់ផែនេះ ក៏នឹងជួយបង្កើនការងារនៅក្នុងខេត្តកំពត និងតំបន់ជុំវិញទៀតផង ដូចជា ខេត្តតាកែវ និងខេត្តកំពង់ស្ពឺផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)