Register Already an agent ? Login

កម្ពុជា ទទួលបានការវិនិយោគ ១៤៧គម្រោង មានទឹកប្រាក់ជាង ២,៧០០លានដុល្លារ ៥ខែឆ្នាំ២០២៤

ភ្នំពេញ៖ កម្ពុជា ​ទទួល​បានគម្រោង​វិនិយោគដែល​ចុះបញ្ជី​ក្នុង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចំនួន ​១៤៧ម្រោង មានទឹកប្រាក់​វិនិ​យោគ​សរុប​ប្រមាណ ២,៧០០​លានដុល្លារ​ រយៈពេល៥ខែ គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា ២០២៤។ ជាការថ្លែង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

តាមការថ្លែង សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុង​ពិធីសំណេះសំណាល​ជា​មួយ​ពលរដ្ឋ​ និងពលករ​កូរ៉េ បានអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

លទ្ធផលនេះថា ​ នេះគឺជា​លទ្ធផល​ដែលបានមកពីកា​រដើរទាក់ម៉ូយ​របស់​សម្ដេច ​​និងមន្ត្រី​ជាន់ខ្ពស់​ផ្សេងៗទៀត។ ជាការបញ្ជាក់ សម្ដេចធិបតី បានបន្តថា លទ្ធផល​នេះ​​ក៏មិនទាន់គិត​ចាប់តាំងពីការ​កកើត​រាជរដ្ឋាភិបាល​ថ្មីក្នុងអំឡុ​​ងខែ​សីហា ឆ្នាំ២០២៣​នោះដែរ ពោលគឺគិតពី​ខែមករា ដល់ខែ ឧសភា ២០២៤នេះតែប៉ុណ្ណោះ។

នៅក្នុងដំណើរ​ទស្សនកិច្ច ​នៅក្នុងប្រទេស​កូរ៉េ រយៈ​ពេលប៉ុន្មានថ្ងៃនេះ ​បានជួបជាមួយ​ក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ហើយ​ឃើញថា​កូរ៉េ​បាន​ចាប់​អារម្មណ៍​លើ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែម។ ជាការបន្ត សម្ដេចធិបតី មានប្រសាសន៍ថា ដូច្នេះនៅ​ពេល​ខាងមុខនេះកម្ពុជា​នឹងទទួលបានការ​វិនិយោគ​របស់កូរ៉េ​បន្ថែម​ទៀត។

កម្ពុជា​​ គ្រោងនឹង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ ​ដោយផ្ដោតលើតែ​វិនិ​យោគិ​ន​កូរ៉េ​​ប៉ុណ្ណោះ។ បើតតាមការថ្លែង តាន់ ហ្សង់​ហ្វ្រង់​ស័រ រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទកាសែត បានគូសបញ្ជាក់ថា ការ​បង្កើត​តំបន់សេដ្ឋកិច្ច​នេះ នឹង​សម្រួល​ដល់​ការ​វិនិយោគពី​ប្រទេសកូរ៉េ​មកកាន់​កម្ពុជា​បានច្រើន ហើយក៏អាច​ទាក់ទាញ​វិនិយោគិនពីបណ្តាប្រទេសដទៃចូលមក​វិនិយោគ​នៅ​កម្ពុ​ជា​កាន់តែ​ច្រើន។

លោក បានថ្លែងបន្តថា ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស​នេះ កម្ពុជា​ក៏បាន​ជំរុញឱ្យ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ផ្ដោតលើ​វិនិយោគិន​ជប៉ុន និង​វិនិយោគិន​ចិន ពោលគឺបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ផ្ដោតលើ​វិនិយោ​គិ​នមកពីប្រទេស​មួយៗ​តែម្ដង ដែលនឹង​ធ្វើឱ្យវិនិយោគិន​ប្រទេស​​នោះ មានភាពងាយស្រួល​ជាងមុន​។

​គូសបញ្ជាក់ថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបង្ហាញឱ្យឃើញថា ​រយៈពេល៤ខែ កន្លងទៅនេះ មានគម្រោង​វិនិយោគមួយចំនួន​មានទីតាំង​នៅ​​ក្នុងតំបន់សេដ្ឋកិច្ច​។ ជាពិសេស​គម្រោង​វិនិ​យោគលើវិស័យឧស្សាហកម្ម​និង​មួយចំនួនទៀត​នៅក្រៅ​តំបន់សេដ្ឋកិច្ច​ពិសេស​។

ក្នុងនោះ ​ក៏ឃើញគម្រោង​វិនិយោគ​ធំមួយ​បាន​បន្ថែមទុន​វិនិយោគ​របស់ខ្លួន​បន្ថែម​ទៀត គឺរោងចក្រ​ផលិត​សំបក​​កង់​យានយន្ត​នៅខេត្តស្វាយរៀង ដែលគម្រោងនេះ​នឹង​ជួយ​ផ្ដល់ឱកាស​ការងារ​ជាច្រើននិង​ជួយ​រក្សាតម្លៃ​កៅស៊ូរបស់កម្ពុជា​ឱ្យ​មានស្ថិរភាព​លើ​ទីផ្សារ​ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)