Register Already an agent ? Login

AMRO៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចល្អឆ្នាំ២០២៣-២០២៤ ប៉ុន្តែត្រូវសាងទ្រនាប់ថវិកាដើម្បីភាពធន់នៃហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ កម្ពុជា មានកំណើនសេដ្ឋកិច្ចល្អនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានចូលរួមចំណែកយ៉ាងសំខាន់ពីកែលម្អស្ថានភាពហិរញ្ញវត្ថុសាធារណៈឱ្យមានចីរភាព។ ទោះជាយ៉ាងនេះក្តី ភាពមិនប្រាកដប្រជា និងហានិភ័យចម្បងៗមួយចំនួនទាំងក្នុងនិងក្រៅប្រទេស ដែលកម្ពុជាត្រូវយកចិត្តទុកដាក់បានតាមដាន និងដាក់ចេញជាវិធានការត្រៀមខ្លួននានា ជាពិសេស ការកសាងទ្រនាប់ថវិកាឡើងវិញដើម្បីភាពធន់នៃហិរញ្ញវត្ថុសាធារណៈ។

ខាងលើជាការលើកឡើង របស់ លោកបណ្ឌិត លី តួឈឹង នាយក និងសហការីនៃក្រុមបេសកកម្មនៃការិយាល័យ ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (ASEAN+3 Macroeconomic Research Office-AMRO) នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។

លោក លើកឡើងបន្តថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាមានអត្រាក្នុងរង្វង់ ៥% ដែលកំណើនល្អប្រសើរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យជាច្រើនក៏ដោយ។

សម្រាប់ឆ្នាំ២០២៤, សេដ្ឋកិច្ចកម្ពុជា នៅបន្តរក្សាបានចលនការកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរ នៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដែលនឹងបន្តគាំទ្រដល់វិស័យបម្រើដល់ការចេញ ជាពិសេស វិស័យកាត់ដេរ និង កម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេសចរណ៍នឹងនៅតែបន្តនិន្នាការកើនឡើង។ ជាការបន្តទៀត លោកបណ្ឌិត លី តួឈឹង។

លោកបណ្ឌិត បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចល្អនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានចូលរួមចំណែកយ៉ាងសំខាន់ពីកែលម្អស្ថានភាពហិរញ្ញ វត្ថុសាធារណៈ ឱ្យមានចីរភាព, មានភាពរឹងមាំ និងបង្កើនលម្អ សម្រាប់ការធ្វើអន្តរាគមន៍ចាំបាច់នានា ខណៈស្ថាន ភាពវិស័យខាងក្រៅ (External Position) ក៏មានភាពប្រសើរឡើងវិញ។ លោក ថា និន្នាការនេះនឹងបន្តធ្វើឱ្យកម្ពុជាអាចសម្រេចបានកំណើនកាន់តែប្រសើរសម្រាប់ឆ្នាំ២០២៥ និងរយៈពេលមធ្យមទៅមុខ។

ទោះជាយ៉ាងនេះក្តី លោក បណ្ឌិតបានកត់សម្គាល់ទៅលើភាពមិនប្រាកដប្រជា និងហានិភ័យចម្បងៗមួយចំនួន ទាំងក្នុង និងក្រៅប្រទេស ដែលកម្ពុជាត្រូវយកចិត្តទុកដាក់តាមដាននិងដាក់ចេញជាវិធានការត្រៀមខ្លួននានា ជាពិសេស ការកសាងទ្រនាប់ថវិកាឡើងវិញដើម្បីភាពធន់នៃហិរញ្ញវត្ថុសាធារណៈ, ការធានាឱ្យបាននូវស្ថិរភាពវិស័យហិរញ្ញវត្ថុ, ការពង្រឹង ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីបង្កើនពិពិធកម្មនិងពង្រឹងភាពប្រកួតប្រជែង ក្នុងខណៈកម្ពុជានឹងចាកចេញពីក្រុម ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC)។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានលើកឡើងអំពីការប្តេជ្ញាក្នុងការបន្តកិច្ចសហការស្អិតល្មួត ព្រមទាំងការបន្តពង្រឹងការអនុវត្តគំនិតផ្តួចផ្តើមនានារបស់ AMRO ក្នុងការចូលរួមកសាងសមត្ថភាពរបស់មន្ត្រីបច្ចេកទេសកម្ពុជា ជាពិសេស តាមរយៈកម្មវិធីបញ្ជូនមន្ត្រីបម្រើការងារនៅ AMRO (Secondment Program) ជាដើម។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារ AMRO, លោក អូន ព័ន្ធមុនី រ័ត្ន បានលើកអំពីសារៈសំខាន់នៃបេសកកម្មប្រចាំឆ្នាំរបស់ AMRO ក្នុងការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដោយផ្តល់នូវអនុសាសន៍គោលនយោបាយល្អៗសម្រាប់រាជរដ្ឋាភិបាលពិចារណា។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីនិន្នាការនៃការយល់ឃើញអំពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសកល តំបន់ និងនៅកម្ពុជា ជាពិសេស ក្នុងស្ថានភាពដែលមិនទាន់វិលត្រលប់ទៅរកប្រក្រតីភាពទាំងស្រុង រួមជាមួយនឹងហានិភ័យនិងភាពមិនប្រាកដប្រជាកាន់តែខ្ពស់។

លោក បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សា កំណើនល្អ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដោយសារការបន្តអនុវត្តប្រកបដោយឆន្ទៈនយោបាយខ្ពស់នូវក្រប ខណ្ឌគោលនយោបាយនានាដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១” ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

នាឱកាសនោះលោក អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ AMRO ដែលចុះបំពេញ បេសកកម្មវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, បានផ្តល់នូវអនុ សាសន៍ល្អៗសម្រាប់ជាធាតុចូលដល់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់នានា និងផ្តល់ជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពសម្រាប់មន្ត្រីរបស់កម្ពុជា។

ជាមួយគ្នានេះ បានជូនពរក្រុមការងារបេសកកម្មឱ្យទទួលបានជោគជ័យ និងផ្លែផ្កាក្នុងការបំពេញបេសកកម្មការងារក្នុងឆ្នាំ ២០២៤ នេះ និងរំពឹងថានឹងទទួលបានធាតុចូលល្អៗពីលទ្ធផលនៃកិច្ចពិភាក្សារបស់ក្រុមការងារ លើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចហិរញ្ញវត្ថុ និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា៕

ដោយ/៖ មឿន ឌីណា (Moeun Dyna)