Register Already an agent ? Login

នៅសល់ប្រមាណ ៣សប្តាហ៍ទៀត រដ្ឋបាលសារពើពន្ធនឹងចាប់ផ្តើមប្រមូល ពន្ធលើមធ្យោបាយដឹកជញ្ជូន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពោលគឺនៅសល់ប្រមាណ ៣សប្តាហ៍ទៀតប៉ុណ្ណោះរដ្ឋបាលសារពើពន្ធ នឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤។

ពន្ធលើមធ្យោបាយដឹកជញ្ជូន ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវអនុវត្ត ចំពោះមធ្យោបាយដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក និងផ្លូវទឹក ដូចជាកប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាល រថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលជាដើម។

ដើម្បីអាចយល់ដឹងពីប្រាក់ពន្ធត្រូវបង់តាមប្រភេទមធ្យោបាយដឹកជញ្ជូននីមួយៗ លោកអ្នកអាចទាញយកកម្មវិធីទូរស័ព្ទសម្រាប់គណនា ពន្ធលើមធ្យោបាយដឹកជញ្ជូន (GDT Means of Transportation Tax Calculation) ដោយឥតគិតថ្លៃពី App Store សម្រាប់ប្រព័ន្ធ iOS និង Play Store សម្រាប់ប្រព័ន្ធ Android ដោយលោកអ្នកត្រូវជ្រើសរើសឱ្យបានត្រឹមត្រូវនូវប្រភេទយានយន្តរបស់ខ្លួន រួចបញ្ចូលនូវព័ត៌មាន មួយចំនួន ដែលអាចពិនិត្យលើប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត រួមមាន៖

ផ្លូវគោកៈ ត្រូវបញ្ចូលនូវព័ត៌មានអំពីឆ្នាំផលិត ទំហំស៊ីឡាំង ឬទម្ងន់សរុប ដោយឡែកមធ្យោបាយដឹកជញ្ជូនកែច្នៃត្រូវបានកំណត់ ទឹកប្រាក់ពន្ធតាមប្រភេទយានយន្តកែច្នៃនោះ

ផ្លូវទឹកៈ ត្រូវបញ្ចូលនូវព័ត៌មានអំពីកម្លាំងសេះ ឬទម្ងន់សរុប ឬប្រវែងបណ្តោយនៃជលយាន្ត។

ចំពោះយានយន្តដែលជាកម្មវត្ថុនៃពន្ធលើមធ្យោបាយដឹកជញ្ជូន អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាននៅតាមបណ្តាសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារដែលមានសាខានៅទូទាំងប្រទេស ឬបង់ពន្ធតាមកម្មវិធីទូរស័ព្ទដៃ អ្នកជាប់ពន្ធ (GDT Taxpayer App)។

យានយន្តថ្មីដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការនិងដឹកជញ្ជូន (មិនធ្លាប់បង់ពន្ធ) ដើម្បីបង់ពន្ធតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ត្រូវជ្រើសរើសមុខងារបន្ថែមយានយន្តថ្មី រួចបញ្ចូលទិន្ន័យមួយចំនួន ក្នុងប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗ ចំនួន ៣ រួមមាន៖

ប័ណ្ណសម្គាល់យានយន្ត

អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត

វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)៕

ដោយ៖ មើន ឌីណា (Moeun Dyna)