Register Already an agent ? Login

សម្តេចធិបតី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច

ភ្នំពេញ៖ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។ ជាការថ្លែងបញ្ជាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

ការថ្លែងបញ្ជាក់ ប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេច នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ដោយប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើរសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញទៅគ្រប់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេទ្បិចត្រូនិក។

ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធផ្សេងៗ។ ជាការថ្លែងបន្តទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី បានបន្ថែមថា សមិទ្ធផលនេះ ក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និង បង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ, និងដើម្បីកាត់បន្ថយ​បន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ។

ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់​ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរ​ទិន្នន័យជាមួយបណ្តា​ប្រទេសជាសមាជិកអាស៊ាន នឹងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានា ពាក់ព័ន្ធ​នឹងការនាំចេញ-នាំចូល​ទំនិញ ​ដែលកន្លងមក ពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នាជាច្រើនលើក មកជាការស្នើសុំតែមួយ​លើករួមគ្នាតាមទម្រង់អេឡិចត្រូនិក។ ជាការបន្ថែមទៀត សម្តេចធិបតី។

ប្រមុខរជរដ្ឋាភិបាល បានលើកឡើងថា ប្រព័ន្ធនេះរួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នឹងជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកលើក្រដាស ទៅជាការមិនប្រើក្រដាស។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច  ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើងកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។

សម្តេចធិបតី បានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាគំរូជោគជ័យមួយទៀតនៃកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានជម្នះនូវការលំបាកទាំងឡាយ ក្នុងដំណើការនៃការសម្របសម្រួលស្ថាប័ន។

ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ អាច​​ចាត់ទុកបានថា ជាជោគជ័យរួមគ្នា ឬជាសមិទ្ធិផលរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងការអនុវត្តការងារតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder  System) ដែលការធ្វើការួមគ្នាប្រកបដោយជោគជ័យនេះ ក៏បានហុចផលដល់វិស័យឯកជននូវប្រយោជន៍ជាច្រើន មានជាអាទិ៍ ចំណេញពេលវេលា និងកាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង-ស្ថាប័នមួយ ទៅក្រសួង-ស្ថាប័នមួយទៀតនោះទ្បើយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)