Register Already an agent ? Login

វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២% ហើយ

កោះកុង៖ បច្ចុប្បន្ន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន ៦០%។

លោក សូរ វ៉ិចទ័រ ប្រធានគម្រោង បានបញ្ជាក់ថា ពេលនេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨  ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដោយការដ្ឋានកំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទាប់។

លោក បានបន្តថា នៅរដូវវស្សាឆ្នាំ២០២៤នេះ ក្រុមការងារបានធ្វើការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវខ្លះមកផងដែរ ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩ និងកត្តាភូមិសាស្ត្រ។ តំបន់នោះ នារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ ៦ខែ។

គូសបញ្ជាក់ថា ជាទូទៅប្រវែងផ្លូវ ១៤៨គីឡូម៉ែត្រ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះដូចជា ពង្រីកទំហំផ្លូវ ២គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ កាត់ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84  ជាដើម។ល។

ចំពោះការត្រួតពិនិត្យគុណភាព ត្រូវមានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ ហើយឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជា៖ ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear ម្យ៉ាងទៀត រាល់ការពិនិត្យត្រូវមានលក្ខណៈហ្មត់ចត់ លទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)