Register Already an agent ? Login

ទីលានទុកដាក់សំរាមថ្មី នៅក្រុងក្រចេះ និងក្រុងស្ទឹងត្រែង តម្លៃជាង៩លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រចេះ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង្សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងក្រចេះ និងក្រុងស្ទឹងត្រែង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់មេគង្គ ជំហានទី៤ និងប្រគល់ទីលានទុកដាក់សំរាមជូនទៅអាជ្ញាធរនៃខេត្តសាមីទាំងពីរ ទទួលគ្រប់គ្រងនិងអនុវត្តការងារបន្ត។

ទីលានទុកដាក់សំរាមក្នុងក្រុងក្រចេះ ត្រូវបានសាងសង់លើផ្ទៃដី ៦ហិកតា នៃផ្ទៃដីសរុបទំហំ ២៦,៨៨ហិកតា ស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានសមត្ថភាពប្រតិបត្តិការក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជនក្នុងក្រុងក្រចេះចំនួន ៤សង្កាត់ (សង្កាត់ក្រចេះ ក្រគរ អូរឬស្សី និង រកាកណ្តាល) កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជារណ្តៅចំនួន១ ក្នុងចំណោមរណ្តៅចំនួន៤ ក្នុងគម្រោងដែលមានទំហំ ១៣៥,៧៥ម៉ែត្រ x ១២២,៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ត្រូវជា ១,៦៦ហិកតា។

ទីលានទុកដាក់សំរាមនេះ សាងសង់ដោយក្រុមហ៊ុន K.B.H Construction Co., Ltd. ដោយមានក្រុមហ៊ុន Ramboll Danmark សហការជាមួយ Oriental Consultation Global Co., Ltd. ក្រុមហ៊ុន SCE និង ក្រុមហ៊ុន Tancons (Cambodia) Co., Ltd. ជាទីប្រឹក្សាបច្ចេកទេស និងបានចំណាយថវិកាសាងសង់អស់ ៤ ៩៤៣ ៩៤៨ដុល្លារ ដែលជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

តាមផែនការរណ្តៅទាំងពីរនេះ នឹងត្រូវបំពេញសំរាមរហូតដល់ ១៥ម៉ែត្រ (គិតចាប់ពីមាត់រណ្តៅ) ដែលអាចផ្ទុកបានបរិមាណសំរាមបានប្រមាណ ១៩៦ ២២០ម៉ែត្រគូប។

ដោយឡែកទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង ត្រូវបានសាងសង់លើផ្ទៃដី ៧,២៦ហិកតា នៃផ្ទៃដីសរុបទំហំ ២០,៧៨ហិកតា ស្ថិតនៅក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឺងត្រែង ដែលមានសមត្ថភាពប្រតិបត្តិការក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជនក្នុងក្រុងស្ទឹងត្រែងចំនួន ០៥សង្កាត់(សង្កាត់ស្ទឹងត្រែង ស្រះឬស្សី ព្រះបាត សាមគ្គី និងថាឡាបរិវ៉ាត់)។

ទីលានទុកដាក់សំរាមនេះ សាងសង់ដោយ ក្រុមហ៊ុន MTA Construction Co., Ltd. ដោយមានក្រុមហ៊ុន Ramboll Danmark សហការជាមួយ Oriental Consultation Global Co., Ltd. ក្រុមហ៊ុន SCE និង ក្រុមហ៊ុន Tancons (Cambodia) Co., Ltd. ជាទីប្រឹក្សាបច្ចេកទេស និងបានចំណាយថវិកាសាងសង់អស់ ៤ ៨៣៨ ២០៧ដុល្លារ ដែលជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជារណ្តៅចំនួន១ ក្នុងចំណោមរណ្តៅចំនួនពីរក្នុងគម្រោង ដែលមានទំហំ ១៤៦,០៦ម៉ែត្រ x ១០៩,៥២ម៉ែត្រ ជម្រៅ ១,៤៥ម៉ែត្រ ត្រូវជា ១,៦ហិកតា។ តាមផែនការរណ្តៅទាំងពីរនេះ នឹងត្រូវបំពេញសំរាមរហូតដល់ ១៥ម៉ែត្រ (គិតចាប់ពីមាត់រណ្តៅ) ដែលអាចផ្ទុកបានបរិមាណសំរាមបានប្រមាណ ១៧៦ ៤៣៨ម៉ែត្រគូប។

ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ផ្អែកលើសារៈប្រយោជន៍នៃវិស័យអនាម័យ ក្រសួងបាននិងកំពុងសិក្សា និងរៀបចំផែនការមេវិស័យទឹកកខ្វក់ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលត្រៀមនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)