Register Already an agent ? Login

រាជរដ្ឋាភិបាល ស្នើឱ្យមានការសិក្សាដាក់តំបន់ផ្លូវអន្ទង់អាំង ជាតំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ

ពោធិ៍សាត់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យមានការសិក្សា​ដឹកនាំដោយ លោក កែវ រតនៈ សហការជាមួយស្ថាប័ន-អាជ្ញាធរជំនាញពាក់ព័ន្ធ​ ក្នុងការដាក់តំបន់ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់តំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិដ៏កម្ររបស់កម្ពុជា​។

ការលើកឡើងបែបនេះ ប្រមុខរាជេដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះបទុមចេតិយក្នុងវត្តមណីរតនារាម ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ក៏បានណែនាំឱ្យដកហូតដីទំហំប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ផ្សារភ្ជាប់និងធម្មជាតិ។ សម្តេច ក៏បានសម្រេចឱ្យលោក កែវ រតនៈ ជាប្រធានក្រុមការងារដឹកនាំជជែកដកហូតដីនេះមករក្សាទុកធ្វើជាទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិ ពីព្រោះមិនងាយមានកន្លែងព្រៃធម្មជាតិដ៏ស្រស់ស្អាតបែបនេះណាស់។

នាឱកាសនោះ សម្តេចធិបតី ក៏ប្រកាសផ្អាកការចេញបណ្ណគម្រោងវិនិយោគផ្សារភ្ជាប់ធម្មជាតិ​ដែលមានដីទំហំក្រោម ១០ហិកតាផងដែរ។ សម្រាប់គម្រោងអនុវត្តន៍ហើយអនុញ្ញាតឱ្យបន្ត ប៉ុន្តែចំពោះគម្រោងណាអនុវត្តន៍មិនត្រូវរឿង ហើយខុសឆ្គងធ្ងន់ធ្ងរត្រូវដកហូតជាបន្ទាន់ ហើយសម្រាប់គម្រោងបានអាជ្ញាបណ្ណហើយមិនទាន់អនុវត្តន៍ គឺទុករយ:ពេល៦ខែ ដើម្បីឱ្យពិចារណាសារើឡើងវិញ។ ជាការបញ្ជាក់ ប្រមុខរាជេដ្ឋាភិបាល។

ទន្ទឹមនេះ ​សម្តេចធិបតី​ បានគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិ​និងរុក្ខ-ទេសចរណ៍ដែលភ្ជាប់នឹងទឹកដី​ ដោយត្រូវមានការសិក្សាជាក់លាក់ ត្រួតពិនិត្យ​ឱ្យបានម៉ត់ចត់មុនការផ្តល់ជូនអាជ្ញាបណ្ណអាជីវកម្ម​ ហើយត្រូវស្នើសុំតាមរយេៈក្រសួងបរិស្ថាន​​។​ ដោយទ្បែក ចំពោះករណីវិនិយោគណាបំពានទៅលើលក្ខខណ្ខដែលបានកំណត់ នោះត្រូវប្រឈមទៅនឹងការដកយកអាជ្ញាបណ្ណ​ មិនឱ្យប្រកបអាជីវកម្មតទៅទៀតទ្បើយ។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានធ្វើការក្រើនរំឭកដល់មន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបន្ត យកចិត្តទុកដាក់ និងជៀសឱ្យឆ្ងាយអំពីករណីខុសច្បាប់ទាំងទ្បាយណា ដែលទាក់ទិនទៅនឹងការ បំផ្លាញព្រៃឈើ​ ព្រោះជាសម្បតិ្តរួមសម្រាប់អនាគតប្រជាជនទូទាំងប្រទេស​ ហើយដាច់ខាតត្រូវការពារឱ្យបាននូវរាល់ការទន្ទ្រានដីរដ្ឋ និងដីសហគមក្នុងគ្រប់រូបភាព​ តាមរយៈ

ទី១.បន្តពង្រឹងការអនុវត្តច្បាប់ឱ្យ​បានតឹងរ៉ឹងបំផុត មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មស​ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា និង ទី២.ពង្រឹងយន្តការគ្រប់គ្រងមូលដ្ឋានឱ្យបានរឹងម៉ាំ ដើម្បីថែរក្សាទីតាំងបានយូរអង្វែង​ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)