Register Already an agent ? Login

លោក គួច ចំរើន ប្រកាសព្រែកកំពង់ស្មាច់លើផ្ទៃដីសរុបជាង ១ម៉ឺនហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ

ព្រះសីហនុ៖ គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ ប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ដែលមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ ២ហិកតា ក្នុងគោលបំណងដើម្បីគ្រប់គ្រងធនធានជលផលជីវៈចម្រុះសមុទ្រ។

ការប្រកាសនេះ នៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

លោក អភិបាលខេត្ត បានថ្លែងបន្តថា ជាប្រភពនៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង ធានាការ នេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

មុនដល់ដំណាក់កាលនេះ យើងបានជួបបញ្ហាប្រឈមជាច្រើន នៃការថែរក្សា អភិរក្សបានធ្វើការសម្របសម្រួលពីមន្ត្រីជំនាញ និងបទពិសោធន៍ យើងនៅមានបញ្ហាប្រឈមយ៉ាងច្រើនមុនការសម្រេចចិត្ត ឈានទៅស្នើសុំក្រសួងដាក់ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ទន្ទឹមនោះយើងធ្វើការកែលម្អរ ខិតខំជំរុញការអភិវឌ្ឍបន្តទៀត យើងក៏ត្រៀមទទួលយកការដោះស្រាយនៅពេលខាងមុខ។ ជាការបន្ថែម លោក ចំរើន។

ថ្ងៃនេះយើងអាចចាត់ទុកជាជោគជ័យដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រក្នុងខេត្តរបស់យើង ទាមទារអ្នកមានជំនាញ ចំណេះដឹង និងបងប្អូននៅក្នុងសហគមន៍រួមគ្នាដឹកនាំចាត់ចែងថែរក្សា អភិរក្សបន្តទៀត។ បើតាម លោក គួច ចំរើន បានស្នើសុំឱ្យក្រុមការងារធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីផលប្រយោជន៍ប្រកបដោយចីរភាព រួមទាំងកន្លែងការពារជលផល សុំឱ្យមានការឯកភាពពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ចូលរួមដោយផ្ទាល់ ប្រសិនបើយើងមិនគិតគូរពីថ្ងៃនេះទេ វានឹងហិនហោចនៅពេលខាងមុខ។

លោក អភិបាលខេត្ត បានបន្ថែមទៀតថា ចំពោះបុគ្គលគ្មានស្មារតីអភិរក្សមិនអនុញ្ញាតិឱ្យរស់នៅក្នុងតំបន់ការពារជលផលសមុទ្រ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាព្រៃកោងកាងឱ្យដុះលូតលាស់នៅក្នុងសហគមន៍ខ្លួនឯង ពិសេសត្រូវចេះកែច្នៃ សក្តានុពល សេដ្ឋកិច្ចពង្រីកផ្ទៃដីដាំដុះកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយផលនេសាទដែលយើងរកបានពីតំបន់អភិរក្សបង្កើនផលសេដ្ឋកិច្ចចូលសហគមន៍របស់យើង ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍កាន់តែប្រសើរឡើង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)