Register Already an agent ? Login

ក្រុមហ៊ុនធំៗរបស់កូរ៉េ បង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សហប្រធានគណៈប្រតិភូកូរ៉េ បានប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួននៅកម្ពុជា រួមមាន៖ វិស័យអប់រំ ទេសចរណ៍ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម ថាមពល បរិក្ខារអេឡិចត្រូនិក រថយន្ត និងគ្រឿងបង្គុំ សេវាម្ហូបអាហារ និងវិស័យសារព័ត៌មានផងដែរ។

ការប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមរបស់ក្រុមកូរ៉េ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប សហប្រធានគណៈប្រតិភូ បានថ្លែងសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២។

ជាមួយគ្នានេះ សហប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន។ តាមរយ:កិច្ចព្រមព្រៀង CKFTA នេះ, ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររីកចម្រើនគួរឱ្យកត់សម្គាល់។

សហប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ វិស័យអប់រំ ទេសចរណ៍ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម ថាមពល បរិក្ខារអេឡិចត្រូនិក រថយន្ត និងគ្រឿងបង្គុំ សេវាម្ហូបអាហារ និងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុនកូរ៉េ ដែលបានបោះទុនវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូផងដែរថា តាមរយៈការធានា និងរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងឆាប់រហ័សប្រកបដោយភាពធន់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ។ បន្ទាប់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានស្ដារឡើងវិញប្រកបដោយភាពធន់ ហើយជឿជាក់ថាសេដ្ឋកិច្ចនឹងមានការកើនក្នុងរង្វង់ ៦,៦% នៅក្នុងឆ្នាំ២០២៤ នេះ។

បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនដល់គណៈប្រតិភូអំពីគោលនយោបាយក្នុងការទាក់ទាញ ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងសកលលោក។

ទន្ទឹមនោះ សម្ដេចធិបតី បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅក្នុងកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯ‍កជន (Public-Private Partnership)។

គូសបញ្ជាក់ថា កូរ៉េ គឺជាទីផ្សារធំមួយរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១លានដុល្លារ ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២លានដុល្លារ។

រីឯរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារ ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)