Register Already an agent ? Login

ក្រុមហ៊ុនកូរ៉េចំនួន១៣ បានសិក្សាឈ្វេងយល់បន្ថែមអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាការងារ ដើម្បីឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ថ្ងៃអង្គារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ អាចឈ្វេងយល់អំពីឱកាសវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយហេតុថាក្នុងចំណោមក្រុមហ៊ុនដែលមានវត្តមាននាឱកាសនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាស្រាប់ និងកំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ុន ចាន់ថុល មានបានជម្រាបជូនដល់បណ្ដាវិនិយោគិនអំពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ រាប់បញ្ចូលទាំងស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ។

ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ ជាការបន្ត លោក ស៊ុន ចាន់ថុល។

លោក បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចមាន ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាជាដើម។     

ក្រុមហ៊ុនចំនួន១៣ បានមានវត្តមាននាឱកាសនេះដើម្បីសិក្សាឈ្វេងយល់បន្ថែមអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា មានដូចជា៖

១-ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក, ២-ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតរថយន្តច្រើនប្រភេទ និងគ្រឿងបន្លាស់រថយន្តជាដើម, ៣-ក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

៤-ក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មម្ហូបអាហារ, ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ឡូជីស្ទីក, និងបច្ចេកវិទ្យានិងជីវសាស្រ្ត(Biotechnology), ៥-ក្រុមហ៊ុន LX International ដែលជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មផ្នែកអភិវឌ្ឍន៍អាជីកម្ម (Business Development), ៦-ក្រុមហ៊ុន DAEJOO KC Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ឧស្សាហកម្មដែក, ភស្តុភារ, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, ឧស្សាហកម្មសំណង់និងថាមពល។

៧- ក្រុមហ៊ុន Booyoung Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ អចលនទ្រព្យ, សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ, ៨-ក្រុមហ៊ុន Hanshin Engineering & Construction គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ សំណង់សាងសង់, ៩-ក្រុមហ៊ុន KORINDO Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ការដាំដំណាំដូងប្រេង កៅស៊ូ និងដាំឈើសម្រាប់ផលិតជាក្ដាបន្ទះ និងរោងចក្រកែច្នៃ។

១០-ក្រុមហ៊ុន Kolao Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការចែកចាយ ការផលិត និងដំឡើងម៉ាកយីហោរថយន្ត, ១១-សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ) គឺជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងចម្បង គឺគាំទ្រ និងតស៊ូមតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច, ជំរុញឱ្យមានឱកាសស្មើគ្នា, និងលើកកម្ពស់ផលប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកូរ៉េ។

១២-សហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) គឺជាអង្គការដ៏ធំមួយសម្រាប់អាជីវកម្មកូរ៉េនៅក្រៅប្រទេស, ១៣-ក្រុមហ៊ុន Maekyung Media Group  គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)