Register Already an agent ? Login

គិតត្រឹមឆ្នាំ២០២៣ ការសាងសង់ផ្លូវជនបទបានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្ដប់ជាង ៧០% នៅទូទាំងប្រទេស

ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលថ្មីបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង។ ជាការថ្លែង សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ផ្លូវជនបទបានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង ៧០ភាគរយ នៅទូទាំងប្រទេស។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទឱ្យកាន់តែល្អប្រសើរ។

សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដែលបន្តកេរដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវ សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ នៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាចិត្តឥតងាករេ បន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹង សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោកមានការប្រែប្រួល និងមានភាពមិនប្រាកដប្រជាក៏ដោយ។ ជាការគូសបញ្ជាក់ សម្តេចធិបតី នាយករដ្ឋាមន្រ្តី។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តំបន់ជនបទកម្ពុជាបាននិងកំពុងប្រែប្រួល និងផ្លាស់ប្ដូរមុខមាត់ថ្មី ពីមួយ ថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យលើគ្រប់វិស័យ។ អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យបានកើនប្រមាណ ៨៥% បញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាជន នៅតំបន់ជនបទ រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

រាជរដ្ឋាភិបាលនីតិកាលថ្មីបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង។ ជាការបន្ថែមទៀត សម្ដេចធិបតី បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្ត អភិវឌ្ឍជនបទ តាមរយៈ៖

ទី១. ការបន្តកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ទី២. បន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជន នៅជនបទតាមរយៈការពង្រីកវិសាលភាព នៃការអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ, ទី៣. បន្តជំរុញការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យ តាមរយៈការបង្កើត និងពង្រីកមុខរបរ ក៏ដូចជាបង្កើនប្រាក់ចំណូលបន្ថែម និងទី៤. បន្តអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌៕

ដោយ៖ មឿន ឌីណា (Moeun Dyna)