Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង ១,៤ពាន់លានដុល្លារ កើនជាង ៣០% ២ខែដើមឆ្នាំ២០២៤

ភ្នំពេញ៖ ​រយៈពេល ២​ខែ​ដើមឆ្នាំ​២០២៤ ទំហំពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម សម្រេចបានជាង ១,៤​១ពាន់​លាន​ដុល្លារ កើន​ជាង ៣០,៤% ​បើ​ធៀបនឹង​ឆ្នាំ២០២៣។ ​បើតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា

ក្នុងចំណោមទឹក​ប្រាក់​ខាងលើ គឺ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ៨០១,៦​លាន​ដុល្លារ កើន ៦៣,២​% ​ពី​ចំនួន ​៤៩១,១៨ ​លាន​ដុ​ល្លារ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ៦១២,៦៦​លាន​ដុ​​ល្លារ កើន ៣,២% ​ពី​ចំនួន ៥៩៣,៥៦​លាន​ដុល្លារ​។ បើតាមន្នន័យដដែល។

ផលិតផល​សំខាន់ ​ដែល​កម្ពុជា​នាំទៅ​វៀតណាម រួមមាន៖ ស្រូវ​ កៅស៊ូ ដំឡូង​មី ពោត​ ចេក​ ស្វាយចន្ទី ស្វាយ ថ្នាំជក់ និង​ធនធានធម្មជាតិ ចំណែក​ ទំនិញ​វៀតណាម​នាំមក​វិញ រួមមាន៖ សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍​អេ​ឡិច​​ត្រូ​និក អគ្គិសនី ជី គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​។​

ក្រៅពី​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​ទំនិញ​ប្រទេស​ទាំង​ពីរ ក៏មាន​ទំនាក់ទំនង​ល្អ​ផ្នែក​ទេសចរណ៍​ផងដែរ​ ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​សរុប ៥,៤៥​លាន​នាក់ កើនឡើង ១៣៩,៥% ក្នុងនោះ​ភ្ញៀវ​ជនជាតិ​វៀតណាម មាន​ចំនួន ១,០២ លាន​នាក់ កើនឡើង ១១៩,៨%​។​ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។

គួររម្លឹកផងដែរថា ក្នុង​ឆ្នាំ​២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា​វៀតណាម មាន​ទឹកប្រាក់​សរុប ៦,៥៨ពាន់​លាន​ដុល្លារ កើនឡើង ៧,៣%​ បើ​ធៀប​ឆ្នាំ​២០២២ មានចំនួន ៦,១៣​ពាន់​លាន​ដុល្លារ​។​ ​ចំនួននេះ ​កម្ពុជាមាន​ចំនួន ២,៩៧ពាន់​លាន​ដុល្លារ កើនឡើង ៣៧,១% និង​ទំនិញ​វៀតណាមចំនួន ៣,៦១​ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៨,៩​%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)