
ភ្នំពេញ៖ អ្នកជាប់ពន្ធនៅសល់ពេលតែប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ក្នុងការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ខណៈប្រភេទពន្ធទាំងនេះសុទ្ធតែអាចប្រកាសបានតាមកម្មវិធីនិងប្រព័ន្ធអនឡាញ ពោលគឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទចុង។
នៅសល់ពេលប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទចុងក្រោយនៃការដាក់ លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ដែលប្រភេទពន្ធទាំងនេះរួមមាន៖
ពន្ធលើប្រាក់ចំណូល៖ ជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ចំពោះបុគ្គលដែលខាតពីការធ្វើសកម្មភាពអាជីវកម្ម មិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ ប៉ុន្តែ មានកាតព្វកិច្ចដាក់លិខិតប្រកាសជាធម្មតា។
ពន្ធប៉ាតង់៖ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ ដោយអ្នកជាប់ពន្ធតូចត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល ឬ ៥ ០០០ ០០០រៀល ចំពោះ អ្នកជាប់ពន្ធធំដែលមានផលរបរលើសពី ១០ ០០០លានរៀល ឡើងទៅ។
ពន្ធលើផ្ទាំងផ្សព្វផ្សាយ៖ ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជនឬសាធារណជន បានស្គាល់ពីផលិតផលឬសេវាកម្ម រួមមាន បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាព សម្រាប់គោលបំណងពាណិជ្ជកម្ម។
ចំណុចដែលគួរឱ្យកត់សម្គាល់ ចំពោះពន្ធប្រចាំឆ្នាំទាំង ៣ប្រភេទខាងលើ សុទ្ធតែអាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធបានតាមប្រព័ន្ធអនឡាញ ដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាច ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tol e-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងកម្មវិធី ប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។
ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) ព្រមទាំងអាចបោះពុម្ពបណ្ណប៉ាតង់បានដោយខ្លួនឯង ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធ អាចប្រកាសនិងបង់ប្រាក់ពន្ធបានតាមកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)