Register Already an agent ? Login

ការវិនិយោគរបស់អូស្រ្តាលីនៅកម្ពុជា ជាការវិនិយោគលើភាពសម្បូររុងរឿងសម្រាប់ពេលអនាគតប្រទេសទាំងពីរ

ភ្នំពេញ៖ ការវិនិយោគរបស់អូស្រ្តាលីនៅកម្ពុជា មិនគ្រាន់តែជាការសម្រេចចិត្តបែបយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើភាពសម្បូររុងរឿងសម្រាប់ ពេលអនាគតរបស់ប្រទេសទាំងពីរ។ ជាការថ្លែងបញ្ជាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកា ធុរកិច្ចកម្ពុជា-អូស្ត្រាលី កាលពថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានបន្តថា ព្រោះថាគន្លងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយទីតាំងភូមិសាស្ត្រ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្ដល់ឱកាសជាច្រើនដល់អាជីវកម្ម និងអ្នកវិនិយោគអូស្ត្រាលី ជាមួយគ្នានេះ ការវិនិយោគរបស់អូស្ត្រាលី ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា ផងដែរ។

សម្តេចធិបតី បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានភាពជឿជាក់មុតមាំថាការរីកចម្រើនខាងវិស័យឯកជន គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិស្ថានអំណោយផលដល់អាជីវកម្ម និងការវិនិយោគ ដែលការប្តេជ្ញាចិត្តនេះប្រត្យក្សច្បាស់លាស់នៅក្នុងច្បាប់ថ្មីស្តីពីពន្ធដារ ធានាជំរុញឱ្យមានតម្លាភាពអាចព្យាករណ៍បាន និងរចនាសម្ព័ន្ធពន្ធដែលទាក់ទាញ និងច្បាប់ថ្មីស្តីពីការវិនិយោគដែលផ្ដល់នូវការលើកទឹកចិត្ត និងផ្តោតលើវិស័យចម្រុះ។

ការដាក់បង្ហាញ " សៀវភៅ ស្ដីពី ការវិនិយោគនៅកម្ពុជា " ថ្មី ដែល រៀបចំឡើង ដោយ DFAT របស់អូស្ត្រាលី និង ក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជា នា ខែកក្កដា ឆ្នាំ ២០២៣ គឺជាការណែនាំដ៏ទូលំទូលាយសម្រាប់អ្នកវិនិយោគទុន។ ជាការបន្ថែម សម្តេចធិបតី នាយករដ្ឋមន្ត្រី។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា ក្រៅពីនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីធានាឱ្យអាជីវកម្មនិងការវិនិយោគនៅកម្ពុជាមានលទ្ធភាពក្នុងការចូលទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ និងកត្តាចាំបាច់ដ៏ទៃទៀត តួយ៉ាងដូចជា សមាជិកភាពរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងសេរីភាពទ្វេភាគី និងពហុភាគីសំខាន់ៗ ផ្តល់ឱកាសអស្ចារ្យសម្រាប់ការវិនិយោគ និងអាជីវកម្មនៅកម្ពុជា ក្នុងគោលដៅនាំចេញអាចទទួលបានភាពជោគជ័យក្នុងរយៈពេលវែង។

បើតាម សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបន្តវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ផ្លូវ កំពង់ផែសមុទ្រជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមជ្ឈមណ្ឌលឡូជីស្លឹក ក្នុងបំណងស្វះស្វែងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់ខ្លួនទៅនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងច្រករបៀងសំខាន់ៗទាំងនៅក្នុងប្រទេស និងតំបន់។

លើសពីនេះ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះថាមពលនិរន្តរភាព គឺជាឱកាសដ៏ល្អមួយសម្រាប់ អ្នកវិនិយោគអូស្ត្រាលី ព្រោះជាឱកាសទីផ្សារដ៏ល្អសម្រាប់ការដាក់ពង្រាយជំនាញរបស់អូស្ត្រាលី ជាមួយនឹងសក្តានុពលថាមពលព្រះអាទិត្យ ថាមពលទឹកសម្បូរបែប និងគោលដៅដ៏មហិច្ឆតាដែល បានរៀបរាប់នៅក្នុងផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។ ជាការលើកឡើងបន្ត សម្ដេចធិបតី ថា ការយកចិត្តទុកដាក់ របស់កម្ពុជាលើភាពជឿទុកចិត្ត, តម្លៃទាប, និងគោលដៅក្នុងការឈានទៅរកភាពអព្យាក្រឹតនៃកាបូននៅឆ្នាំ២០៥០ បានបង្កើតបរិស្ថានវិនិយោគរយៈពេលវែងប្រកបចេរភាព។

សម្ដេចធិបតី បានបគូសបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនថាមពលស្អាតអូស្ត្រាលី ឱកាសទាំងនេះមិនត្រឹមតែសម្រាប់ការចាប់ផ្ដើមអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់ការនាំមុខនៅក្នុងទីផ្សាប្រកបដោយសក្តានុពល គាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសអូស្ត្រាលី ក្នុងនាមជាប្រតិបត្តិករសកលក្នុងការផ្លាស់ប្តូរឆ្ពោះទៅរក អនាគតនៃថាមពលស្អាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំឭកផងដែរដែរថា ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ អូស្ត្រាលី តែងតែជាអ្នកវិនិយោគដ៏សំខាន់មួយនៅកម្ពុជា លើវិស័យជាច្រើនរួមមានសេវាកម្មអប់រំ, អាហារ និងភេសជ្ជៈ, សេវាកម្មហិរញ្ញវត្ថុ, ការរុករករ៉ែ និងធនធាន, បដិសណ្ឋារកិច្ច និងការទិញសម្លៀកបំពាក់ ជាដើម។

ទៅមុខការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជានឹងកាន់តែមានសារៈសំខាន់ ថែមទៀតលើវិស័យជាច្រើនដូចជាកសិកម្ម និងឧស្សាហកម្មកសិកម្ម ការអប់រំ សេដ្ឋកិច្ច ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលពណ៌បៃតង។ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ ក្នុងនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាប្រយោជន៍ធានាបាននូវ ភាពជោគជ័យដល់ការធ្វើអាជីវកម្មនិងវិនិយោគក្នុងប្រទេស ជាពិសេស តាមរយៈការរៀបចំវេទិកា រដ្ឋាភិបាល និងវិស័យឯកជនជាប្រចាំ។

សូមបញ្ជាក់ថា វេទិកា ធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០នាក់ មកពីក្រុមហ៊ុន ចំនួន ៣៥០ក្រុមហ៊ុន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)