Register Already an agent ? Login

កម្ពុជា-អាមេរិក ពិភាក្សាលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យប្រសើរថែម

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International ជាសហប្រធានរួមគ្នា បានបើកកិច្ចពិភាក្សាលើទស្សនវិស័យរួម និងគោលដៅជាយុទ្ធសាស្ត្រនានា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត។

កិច្ចប្រជុំនេះមានការចូលរួមពី មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិក សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា វិនិយោគិនជាតិ-អន្តរជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈឱកាសនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងនូវគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

គោលដៅជាយុទ្ធសាស្ត្រមួយចំនួនដែល អនុប្រធានទី១ បានមានប្រសាសន៍លើកឡើងនូវគំនិតផ្ដួចផ្ដើមផ្សេងៗដូចជា ការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឱ្យរលូន រួមមានបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាលជាដើម, លើកកម្ពស់តម្រូវការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ផលិតផលកម្ពុជា(Made in Cambodia) ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់។

លោក បានគូសបញ្ជាក់ថា បន្ថែមពីនោះ សហរដ្ឋអាមេរិកក៏អាចគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។ 

លើកឡើងនៅក្នុងជំនួបនេះ លោក Jim Jones បានជម្រាបអំពីការសង្កេតឃើញនូវភាពរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍នូវការដាក់ចេញរបស់រាជរដ្ឋាភិបាលទិសដៅឆ្នាំ២០៣០ ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងទិសដៅប្រែក្លាយកម្ពុជាពីប្រទេសប្រើប្រាស់កម្លាំងពលកម្មទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។

បន្ថែមពីនេះដែរ លោក ក៏បានលើកឡើងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នាយកប្រតិបត្តិ ជឿជាក់ថាតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អកើនឡើងមួយកម្រិតទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)