Register Already an agent ? Login

តំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានគម្រោងវិនិយោគ១៩ ទុនសរុប១២៦លានដុល្លារ

បន្ទាយមានជ័យ៖ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យមានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារ និងបានបង្កើតការងារចំនួន ៥៨២២កន្លែង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងប្រតិភូអមដំណើរ បានចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ គឺតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត។

ការចុះពិនិត្យនេះ នាឱកាស អញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាម លោក ស៊ុន ចាន់ថុល បានចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង២ បានពិនិត្យមើលសកម្មភាពផលិតកម្មក្រុមហ៊ុនចំនួន៣ រួមមាន៖

ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. វិនិយោគផលិតសម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ទុនវិនិយោគ ២០,៦៣លានដុល្លារ បានបង្កើតការងារ ៨០៣កន្លែង, ស្ថិតក្នុងតំបន់ដដែល ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. វិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារ បានបង្កើតការងារ ២៣៩កន្លែង។ ចំណែក ក្រុមហ៊ុន HGB Motors Assembly Co., Ltd. វិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ទុនវិនិយោគ ៧លានដុល្លារ មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។

ការចុះពិនិត្យវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការថែទាំវិស័យឯកជន ព្រមទាំងស្វែងយល់​អំពីបញ្ហាប្រឈម និងតម្រូវការនានារបស់វិនិយោគិន ដែលជាកម្លាំងចលករសំខាន់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ រវាងកម្ពុជា-ជប៉ុន ដើម្បីអាចឱ្យភាគីជប៉ុនតាមរយៈ JICA អាចទទួលបាននូវវឌ្ឍនភាពច្បាស់លាស់ជាក់ស្ដែង នៃគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ ភាគីកម្ពុជាបានបញ្ចប់រួចរាល់ ១០០% លើការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលជាច្រកខាងភាគីកម្ពុជា ព្រមទាំងបានអនុញ្ញាត​ឱ្យ​យានយន្តអាចដឹកទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិនេះបាន។ យ៉ាងណាមិញ ច្រកទ្វារអន្តរជាតិនេះនៅពុំទាន់អាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ ដោយហេតុថាត្រូវរង់ចាំភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វាររបស់ខ្លួន។

ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ អ្នកទទួលបន្ទុកសាងសង់គម្រោង ព្រមទាំងមានការចូលរួមពីអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)