Register Already an agent ? Login

សហគ្រាសក្នុងវិស័យទេសចរណ៍ក្នុងរាជធានី-ខេត្តចំនួន៥ ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ

ភ្នំពេញ៖ យោងតាមប្រកាសលេខ១១៩ សហវ.ប្រក.អពដ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រាសក្នុងវិស័យ ទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារនិងមានទីតាំងអាជីវកម្ម ស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត នឹងទទួលបានការលើកទឹកចិត្តពន្ធដារដូចខាងក្រោម៖

សហគ្រាសក្នុងវិស័យទេសចរណ៍ ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចខាងក្រោម៖

១-លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។

២-លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ ក្នុងនោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលបានបង់រួច នឹងត្រូវអនុញ្ញាតជាឥណទាន ពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។

៣-លើកលែងបំណុលពន្ធទាំងអស់ ដែលមានការិយបរិច្ឆេទមុនឆ្នាំ២០២៣ ដែលក្នុងនោះរួមមានប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ ពន្ធបន្ថែម ២៥% និងការប្រាក់រត់បន្ត។

៤-មិនទទួលរងការធ្វើសវនកម្មពន្ធដារសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។

សហគ្រាសក្នុងវិស័យទេសចរណ៍ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ត្រូវទទួលបានការលើកលែងដោយមិនទទួលរងការធ្វើសវនកម្មពន្ធដារសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ដល់ឆ្នាំ២០២២។

សូមបញ្ជាក់ផងដែរថា សហគ្រាសដែលបានទទួលការលើកលែងខាងលើមានកាតព្វកិច្ចដាក់លិខិតប្រកាស និងកាន់បញ្ជីកាគណនេយ្យ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕

ដោយ៖ មឿន ឌីណា ()Moeun Dyna)