Register Already an agent ? Login

គម្រោងស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រាតម្លៃជាង៦០លានដុល្លារ បានបើកការដ្ឋានសាងសង់ហើយ

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ ចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានបើក ការដ្ឋានសាងសង់ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នានៅព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួត​ពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លាន​ដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ នឹងចូលរួមចំណែកគាំទ្រដល់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសធ្វើដំណើរខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។

ស្ពាននេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតលើវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ពិសេស ការតភ្ជាប់ពីប៉ែកខាងកើត  និងប៉ែកខាងលិចនៃរាជធានីភ្នំពេញ។ ស្ពាននេះ ក៏ជាស្ពានទី៧ ដែលត្រូវបានសាងសង់លើដងទន្លេបាសាក់ ក្នុងចំណោមស្ពានដែលបានសាងសង់រួច មានដូចជា៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានសំរោង, ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។

ផ្លូវស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ក្នុងនោះដែរ នៅក្នុងបញ្ចកោណទី២ គឺ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥  ហើយកិច្ចការអាទិភាពទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅជាយុទ្ធសាស្ត្រ ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋាន និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

គូសបញ្ជាក់ថា ស្ពានបេតុងភ្លោះនេះ មានទទឹងប្រវែងសរុប ២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ម៉ែត្រ ត្រូវអ៊ុតបេតុងកៅស៊ូ AC ផ្ទៃខាងលើកម្រាស់ ១០សង់ទីម៉ែត្រ ហើយមានគម្លាតពីគ្នា កន្លះ​ម៉ែត្រ។ ស្ពាននីមួយៗ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លង ប្រវែង ៧ម៉ែត្រ គន្លងផ្លូវ​សម្រាប់​ទោចក្រយានមានចំនួន ១គន្លង ប្រវែង ២,៥ម៉ែត្រ ផ្លូវថ្មើរជើងមានចំនួន ១គន្លង ប្រវែង ២ម៉ែត្រ បង្កាន់ដៃស្ពានសងខាងសរុបប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែង កន្លះម៉ែត្រ និងមានទំហំឆ្លង​កាត់​សម្រាប់នាវាចរផ្នែកខាងក្រោមស្ពាន ៩០ម៉ែត្រ x ១១,៥ម៉ែត្រ។

ចំពោះ ផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅ​មហា​វិថី​សំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹងត្រូវស្ថាបនាទៅ​តាម​លក្ខណៈ​បច្ចេកទេស ក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង ៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើត មានប្រវែង ៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុត​កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ។

គម្រោងនេះ ក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពាន​ទាំង​សងខាងចំនួន ៤កំណាត់ ប្រវែងសរុប ១,៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការ​ស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន និងការរៀបចំបំពាក់​ស្លាក​សញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)