Register Already an agent ? Login

ការបង្កបង្កើនផលស្រូវប្រាំង កើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិកតា

ភ្នំពេញ៖ នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង​ ប្រមាណ ៥០ម៉ឺនហិកតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា។ បើតាមទំព័រហ្វេសប៊ុក សម្ដេចធិបតី ហ៊ុន ម៉ាណែត។

បើតាមប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែ នៅមានផ្ទៃដីមួយចំនួនទៀតកំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។

ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន។

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ យ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម។ បើតាមព័រហ្វេសប៊ុក សម្ដេចធិបតី ដដែល។

រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ គឺការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រឹងតួនាទី និងការអភិវឌ្ឍជនបទ វិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង បង្កើតតម្លៃខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)