Register Already an agent ? Login

ជប៉ុនផ្តល់ជំនួយជិត ១៤លានដុល្លារ សាងសង់អគារហ្វឹកហ្វឺនកំចាត់មីន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម

ភ្នំពេញ៖ ជប៉ុនផ្តល់ជំនួយឥតសំណងជិត ១៤លានដុល្លារ ដើម្បីសាងសង់អគារហ្វឹកហ្វឺនសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្តិភាព) នៅសៀមរាប។

ជំនួយនេះ ឥតសំណងជិត ១៤លានដុល្លារ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO Co., Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសាងសង់អគារទាំងពីរ កាលពីនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

អាគារហ្វឹកហ្វឺន ត្រូវសាងសង់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមាន អាគារសាលប្រជុំ (ចំណុះ៤០០នាក់) ចំនួន ១ខ្នង អាគារសិក្សា ចំនួន ១ខ្នង ២ជាន់ មាន១០បន្ទប់ អាគារអន្ដេវាសិកដ្ឋាន២ខ្នង (សម្រាប់សិក្ខាកាម ចំនួន១២០នាក់) អាគារអាហារដ្ឋានចំនួន១ ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍ សម្ភារសិក្សាតុកៅអីជាដើម។

ចំណែក អាគារសារមន្ទីរតេជោសន្ដិភាព ស្ថិតនៅខេត្តសៀមរាប ជាអាគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ ១០៨ម៉ែត្រគុណ ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត ៥២ម៉ែត្រ មាន២ជាន់ កម្ពស់១៧ម៉ែត្រ មានទំហំជាង ១៥.០០០ម៉ែត្រក្រឡា ហើយអាចក្លាយជាអាគារមានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក។

គម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពអង្គភាព CMAC ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីជំរុញការលុបបំបាត់បញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៃបណ្តាប្រទេសទាំងនោះ សុខសុវត្ថិភាពរបស់ប្រជាជន និងគាំទ្រការអភិវឌ្ឍប្រទេសឡើងវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)