Register Already an agent ? Login

របៀបគណនាថ្លៃដើមទំនិញដែលបានលក់ ឬប្រើប្រាស់សម្រាប់ផ្គត់ផ្គង់សេវា សម្រាប់អ្នកជាប់ពន្ធតូច

ភ្នំពេញ៖ អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន អ្នកជាប់ពន្ធតូចក្នុងរបបស្វ័យប្រកាសត្រូវបានកំណត់ឱ្យកត់ត្រាប្រតិបត្តិការ អាជីវកម្មរបស់ខ្លួនតាមវិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញ។

ចំពោះការគណនាថ្លៃដើមទំនិញដែលបានលក់ ឬប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់សេវា អ្នកជាប់ពន្ធតូចត្រូវអនុវត្តតាមរូបមន្តដូចខាងក្រោម៖

ថ្លៃដើមទំនិញបានលក់ (Cost of goods sold) = ស្តុកទំនិញដើមគ្រា (Beginning inventory) + ទំនិញទិញចូលក្នុងគ្រា (Purchase) - ស្តុកទំនិញចុងគ្រា (Ending inventory)

-ស្តុកទំនិញដើមគ្រា៖ រាប់ទំនិញទាំងអស់ដែលមានក្នុងស្តុកនាដើមគ្រាទៅតាមមុខទំនិញនីមួយៗ ហើយគណនារកតម្លៃសរុបដោយប្រើតម្លៃដែលបានទិញនៅលើវិក្កយបត្រទិញចុងក្រោយបង្អស់

-ទំនិញទិញក្នុងគ្រា៖ ស្រង់យកទំនិញដែលបានទិញក្នុងគ្រាពីបញ្ជីទិញប្រចាំថ្ងៃក្នុងឆ្នាំមកបូកសរុបបញ្ចូលគ្នាទៅតាមតម្លៃជាក់ស្តែង លើវិក្កយបត្រទិញទំនិញ

-ស្តុកទំនិញចុងគ្រា៖ រាប់ទំនិញទាំងអស់ដែលនៅសល់ក្នុងស្តុកនាចុងគ្រាទៅតាមមុខទំនិញនីមួយៗ ហើយគណនារកតម្លៃសរុបដោយ ប្រើតម្លៃដែលបានទិញនៅលើវិក្កយបត្រទិញចុងក្រោយបង្អស់នៅក្នុងបញ្ជីទិញប្រចាំថ្ងៃ។

អ្នកជាប់ពន្ធតូច មានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ (សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣)។ ដើម្បីដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អ្នកជាប់ពន្ធតូចអាចប្រើប្រាស់កម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefilling App) បានយ៉ាងងាយស្រួល និងឆាប់រហ័ស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)