Register Already an agent ? Login

កម្ពុជា នាំចេញអង្ករទទួលបានទឹកប្រាក់ជាង ៣២លានដុល្លារ ខណៈ ស្រូវទទួលបានជាង ១៨៤លាន ដើមឆ្នាំ២០២៤

ភ្នំពេញ៖ មួយខែដំបូងឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករ បានចំនួន ៤៦ ២២១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤២ គិតជាទឹកប្រាក់បានចំនួន ៣២.៦២លានដុល្លារ ខណៈ បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤តោន គិតជាទឹកប្រាក់ជាង ១៨៤លានដុល្លារ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញ​អង្ករ​រួមមាន ​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប​ចំនួន២២ បរិមាណ​អង្ករ​ចំនួន ២៥ ០០៥តោន គិត​ជា​ទឹកប្រាក់​ចំនួន ១៨,៨៥ លាន​ដុល្លារ, ​ប្រទេស​ក្នុង​អាស៊ាន រួមទាំង​ទី​ម័​រ​ខាងកើត ចំនួន ៥​ប្រទេស បាន​បរិមាណចំនួន ១១ ៩៩៩​តោន គិត​ជា​ទឹកប្រាក់ ៨,៣០​លាន​ដុល្លារ​។

​ប្រទេស​ចិន​ រួមទាំង​ហុងកុង និង​ម៉ា​កាវ​ចំនួន ៥ ១៧១តោន គិត​ជា​ទឹកប្រាក់ ២,៩៣​លាន​ដុល្លារ​, និង​ទៅកាន់​គោលដៅ ១៣​ផ្សេងទៀត​ អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូ​ហ្សេ​ឡេ​ន បាន​ចំនួន ៤ ០៤៦តោន គិត​ជា​ទឹកប្រាក់​ចំនួន ២,៥៥ លាន​ដុល្លារ។

ចំពោះប្រភេទអង្ករបាននាំចេញ អង្ករក្រអូបចំនួន ៧៩.៣៣%, ប្រភេទអង្ករស ធម្មតា ១៤.៨៤%, អង្ករចំហ៊ុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន ២.៦៦%។ បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួនជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២៣ ដែលក្នុងនោះទីផ្សារសហគមន៍អឺរ៉ុបគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា។

ដោយឡែក​ ការនាំចេញស្រូវ​ទៅ​ប្រទេសជិតខាង​វិញចំនួន ៥៨៨ ៨១៤តោន ដែលគិតជាទឹកប្រាក់ជាង ១៨៤លានដុល្លារ ដែលក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)