Register Already an agent ? Login

ទីលានចាក់សំរាមស្តង់ដារទំនើប លើផ្ទៃដីជាង៨ហិកតា នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ចាប់ផ្ដើមសាងសង់ហើយ

កំពង់ចាម៖ ទីលានចាក់សំរាមថ្មីមួយ ប្រកបដោយស្តង់ដារទំនើប ដែលមានទីតាំងស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម លើផ្ទៃដីទំហំ ៨.១៣ហិកតា បានបើកការដ្ឋានការសាងសង់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យដោយផ្ទាល់នូវដំណើរការ ការដ្ឋានការសាងសង់ទីលានចាក់សំរាមថ្មី ប្រកបដោយស្តង់ដារទំនើប កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី ប្រើរយៈពេលសាងសង់១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

គម្រោងនេះ ត្រូវបានរដ្ឋបាលខេត្តគិតគូររៀបចំតាំងតែពីអំឡុងឆ្នាំ២០២១ មកម្ល៉េះ ដែលទីតាំងដែលកំពុងសាងសង់នេះ ជាដីរដ្ឋស្រាប់ ស្ថិតនៅឆ្ងាយពីលំនៅឋានប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះ បាននឹងកំពុងដំណើរការ លើផ្ទៃដីទំហំ ៨.១៣ហិកតា ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែងជាង ២,០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលានជាង ១,០០០ម៉ែត្រ។

ជាមួយគ្នានេះ សាងសង់ច្រកចូល និងរបងមានអាគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អាគារសម្រាប់ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក កន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជាកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)