Register Already an agent ? Login

កម្ពុជា-ថៃ ឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី ពង្រឹងភាពជាដៃគូដើម្បីសន្ដិ ទៅជាដៃគូយុទ្ធសាស្ត្រ

ថៃ៖ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ បានឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។

ការឯកភាពនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ នៅប្រទេសថៃ បានជួបជាមួយ លោក Srettha Thavisin នាយករដ្ឋមន្រ្តីថៃ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក Srettha Thavisin បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថៃ បន្ទាប់ពីលោកចូលកាន់តំណែង។ ទន្ទឹមនឹងនេះ លោក បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនរឹងមាំ។

សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណចំពោះ លោកនាយករដ្ឋមន្ត្រីថៃ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។

បើតាមជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។

ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគីទាំងពីរ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនរវាងប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)