Register Already an agent ? Login

អង់គ្លេស ស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង “Green Special Economic Zone” នៅកម្ពុជា

ភ្នំពេញ៖ អង់គ្លេសស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក ប្រកបដោយនិរន្តរភាព។ បើតាមជំនួប លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន កិច្ចការងារវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការគាំទ្រឱ្យមានរៀបចំតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា និងការរៀបចំកម្មវិធីអភិវឌ្ឍន៍លើវិស័យនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

តាមរយៈជំនួបនេះ លោក Dominic បានបង្ហាញសុទិដ្ឋិនិយមគាំទ្រកម្ពុជាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិ ក៏ដូចជាជម្រុញឱ្យមានកម្មវិធីអភិវឌ្ឍន៍លើវិស័យនានាមានជាអាទិ៍លើវិស័យអប់រំ ដែលផ្ដោតលើការអប់រំក្មេងស្រី សេដ្ឋកិច្ច សុខាភិបាល សន្តិសុខនិងសុវត្ថិភាព។

លោក ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ពិសេសជាងនេះអង់គ្លេសនឹងសហការជាមួយកម្ពុជាក្នុងការរៀបចំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសបៃតងសំដៅគាំទ្រការការពារបរិស្ថានដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ឆ្លើយតបលើការលើកឡើងរបស់ លោក ឯកអគ្គរាជទូត លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវការស្វាគមន៍យ៉ាងពេញទំហឹងចំពោះគោលបំណងរបស់អង់គ្លេសក្នុងការស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជាដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។

បន្ថែមពីនេះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកអគ្គរាជទូត សម្រាប់ការគាំទ្រលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា ដោយនៅក្នុងនោះ បានជម្រាបជូនអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។

បើតាម អនុប្រធានទី១ បានមានប្រសាសន៍ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានទាំងគម្រោងពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាងរួមមានគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។

ឆ្លៀតឱកាសក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូន លោក Dominic អំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេសមានសក្កានុពល ដែលនៅក្នុងនោះ លោក បានបង្ហាញអំពីគោលបំណងក្នុងការអញ្ជើញធ្វើទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិននៅតាមបណ្តាប្រទេសនានានៅលើសកលលោក ដោយក្នុងនោះរួមមានចក្រភពអង់គ្លេសផងដែរ ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា៕