Register Already an agent ? Login

រាជរដ្ឋាភិបាលត្រៀមថវិកាជិត ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ នៃកម្មវិធីគាំពារសង្គម

ភ្នំពេញ៖ គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ ខណៈ កម្មវិធីគាំពារសង្គមមានប្រជាពលរដ្ឋប្រមាណ ៦លាន៥សែន បានទទួលប្រយោជន៍ ហើយចំណាយខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ។ បើតាមការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការថ្លែងខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។

ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ។ ការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។ សម្តេចបន្ថែមថា សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេ បើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង។ ជាការបន្ត សម្ដេចធិបតី។

សម្តេចធិបតី បានមានប្រសាសន៍ថា កម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់ សម្តេចតេជោ ប្រែក្លាយប្រទេសជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប្រមុខរាជរដ្ឋាភិបាល បានបន្តទៀតថា រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីជាដើម។ កំណើនសេដ្ឋកិច្ច ៧% មុនពេលកូវីដ១៩ មិនមែនដោយសារតែនយោបាយគាំពារសង្គមនោះទេ តែជាសមិទ្ធផលកើតចេញពីគោលនយោបាយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តរក្សានយោបាយគាំពារសង្គម ហើយគោលនយោបាយរាជរដ្ឋាភិបាលមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។

គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។ ជាការគូសបញ្ជាក់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្ដុំនៃកម្មវិធីជាតិ ជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និង អចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក និង សមាជិកគ្រួសារដែលជាជនរងគ្រោះ និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គម ចំនួន ៤ បញ្ចូលគ្នា រួមមានៈ ១-កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និង កុមារ អាយុក្រោម ២ ឆ្នាំ, ២-កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និង មធ្យម សិក្សាចំណេះទូទៅ, ៣-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង ៤-កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង)។

សម្តេចធិបតី បានបញ្ជាក់បន្ថែមលើកម្មវិធីទាំង៤នេះថា កញ្ចប់គ្រួសារក៏មាន ការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ, និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគ អេដស៍-ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារ នឹងត្រូវចូលមកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្ដងៗចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)