Register Already an agent ? Login

តើអត្ថប្រយោជន៍ពិសេសអ្វីខ្លះ ដែលរាជរដ្ឋាភិបាលផ្ដល់នៅក្នុង « គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង »?

ភ្នំពេញ៖ នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើក «អត្ថប្រយោជន៍ពិសេស» ដែលផ្ដល់នៅក្នុង « គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង» នៅខេត្តព្រះសីហនុ។

អត្ថប្រយោជន៍ពិសេស របស់រាជរដ្ឋាភិបាល ដែលផ្ដល់នៅក្នុង « គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង» រួមមាន  ៖

- ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ឆ្នាំ បន្ថែម

- ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់ បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង

-  ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ឆ្នាំ

- ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល

- ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះ ការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់

- ការសម្រួលនីតិវិធី និង បែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់

- ការផ្តល់ការអនុគ្រោះ លើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់; ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា

- ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference- Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ

- និង ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាម បទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)