Register Already an agent ? Login

ខេត្តតាកែវ នៅសល់ក្បាលដីត្រឹមប្រមាណ ២២ម៉ឺនក្បាលដីទៀត ត្រូវចុះបញ្ជីឱ្យបានចប់សព្វគ្រប់តាមផែនការ

តាកែវ៖ សម្រាប់ខេត្តតាកែវគឺនៅសល់ក្បាលដីត្រឹមតែប្រមាណ ២២ម៉ឺនក្បាល ដីទៀតប៉ុណ្ណោះដែលត្រូវចុះបញ្ជីឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី៧ ដោយកិច្ចការនេះទាមទារឱ្យមានកិច្ចសហការ និងការទទួលយកនូវទស្សនៈវិស័យរួម ពីអាជ្ញាធរខេត្តតាកែវ។ តាមការបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការបញ្ជាក់បែបនេះ លោក សាយ សំអាល់ នៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តតាកែវនាកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញពន្លឿនដំណើរការរៀបចំចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តតាកែវ។

កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ ជាការបន្តទៀត លោក សាយ សំអាល់ បានបន្ថែមថា កិច្ចការធំដែលត្រូវអនុវត្តគឺការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះគឺជារឿងមួយដ៏សំខាន់ចាំបាច់សំរាប់រៀបចំដំណើរឆ្ពោះទៅមុខក្នុងអាណត្តិទី៧។

លោក បានលើកឡើង អំពីទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើយ៉ាងណាគិតគូររៀបចំឱ្យប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីរបស់ខ្លួនប្រកបដោយភាពសុខដុមរមនា មានភាពសម្បូរសប្បាយ មានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាត មានសុខភាពល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។

ជាមួយនេះ ការចុះបញ្ជីដីធ្លីគឺជាការបញ្ចប់វិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយនៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការបន្ថែម លោក សាយ សំអាល់។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តតាកែវ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន កុំព្យូទ័រ ២០គ្រឿង ម៉ាស៊ីនព្រីនធ័រA៤ចំនួន ១០គ្រឿង ម៉ាស៊ីនព្រីនធ័រA៣ ចំនួន ៣គ្រឿងនិងម៉ាស៊ីនស្គេន ចំនួន ១០គ្រឿង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)