Register Already an agent ? Login

វឌ្ឍនភាពគម្រោងផ្លូវប្របមាត់សមុទ្រពីកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោលខេត្តកែប នៅសល់៥%ទៀត នឹងបញ្ចប់

កែប៖ វឌ្ឍនភាពគម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប នៅសល់បានប្រមាណ ៥% ទៀតនឹងបញ្ចប់ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ១០.៥លានដុល្លារ។

គិតមកទល់ពេលនេះ ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែងជាង១២គីឡូម៉ែត្រ ស្ថាបនាពីទីក្រុងកែប ចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់តាមបណ្តោយមាត់សមុទ្រសម្រេចបាន ៩៥%។ បើតាមការថ្លែង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ចុះទៅពិនិត្យគម្រោងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

នាឱកាសចុះទៅពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និងថ្មើរជើង លោក សោម ពិសិដ្ឋ បានថ្លែងបន្តថា ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាទ តាមរយៈការចុះដោះស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាង៦ឆ្នាំ រហូតមានការស្រុះស្រួលគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ទើបទទួលបានសមិទ្ធផលថ្មីដូចពេលនេះ បច្ចប្បន្នឃើញថាការក្រាលកៅស៊ូបានសម្រេចរួចរាល់ ហើយការស្ថាបនាផ្លវូថ្មើរជើងនិ ងជិះកង់ក៏ជិតរួចរាល់ហើយដែរ។

បើតាម លោក អភិបាលខេត្តកែប បានឱ្យដឹងថា ទី១-ផ្លូវសម្រាប់យានយន្ត ដែលកន្លែងខ្លះមានទទឹងជាង ១០ម៉ែត្រ បានចាក់អ៊ុតកៅស៊ូ AC រួចរាល់សម្រេចបាន ១០០%, ទី២-ផ្លូវសម្រាប់ជិះកង់មានទទឹង ៣ម៉ែត្រ ទៅ៣ម៉ែត្រកន្លះ សម្រេចបានជិត ១០០% ហើយដែរ, ទី៣-ផ្លូវដើរ នៅមិនទាន់បានអនុវត្តនៅឡើយទេ មានទទឹងត្រឹមតែ ១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ មានប្រវែងសរុបជិត ១២,៧គីឡូម៉ែត្រ, ទី៤-ផ្លូវនេះក៏នឹងត្រូវបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ជាប្រភេទអំពូលសូឡា នៅតាមទីប្រជុំជននីមួយៗ ផងដែរ។

ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែល​ជា​តំបន់​សក្ដានុពល​ទេសចរណ៍​កំពុង​មានភាព​ល្បីល្បាញ​ សម្រាប់​បងប្អូន​​មក​សម្រាក​លម្ហែ​កម្សាន្ត​ ប្រកបដោយ​ភាព​សប្បាយ​រីករាយ។ ជាការបញ្ជាក់ សោម ពិសិដ្ឋ បានបន្តថា ការស្ថាបនាផ្លូវដែលជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់នេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មីនេះ។

ផ្លូវមួយខ្សែនេះនឹងនាំឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិមកលេង នៅក្នុងឱ្យកាសបុណ្យ ភ្ជុំ បិណ្ឌនេះ ឬបុណ្យ ទានផ្សេងៗ និងមកទស្សនាដើរលេងកម្សាន្តចាប់ពីឆ្នេរអង្កោលទៅដល់កំពង់ផែកោះទន្សាយទីរួមខេត្តកែបនិងធ្វើឱ្យកំណើនភ្ញៀវមកកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកផ្ទះភ្ញៀវទេសចរទៅដើរលេងកម្សាន្តនៅតាមបណ្តោយឆ្នេរក្នុងភូមិសាស្ត្រខេត្តកែបផងដែរ។

សូមបញ្ជាក់ថា គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុមេគង្គ ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម ដែលបានសម្ពោធ និងផ្ទេរឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែកោះទន្សាយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)