Register Already an agent ? Login

ក្រុមហ៊ុនកូរ៉េ តម្លើងរថយន្តនៅកម្ពុជាគ្រោងបន្ថែមទៀតនាំចេញ ខណៈក្រុមហ៊ុនថ្មីធ្វើរោងចក្រនាំចេញទៅពិភពលោក

ភ្នំពេញ៖ ក្រុមហ៊ុនរបស់កូរ៉េ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាលើការតម្លើងរថយន្ត និងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្តគ្រោងពង្រីកសង្វាកផលិតកម្មបន្ថែម ខណៈក្រុមហ៊ុនថ្មី វិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។

លោក Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានដឹកនាំគណៈបតិភូមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា បានចូលជួប លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក៏មានការចូលរួម ក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. ផងដែរ។

ក្នុងជំនួប លោក Chung Sye-kyun បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន។ លោក បានបន្តថា កម្ពុជាអាចរក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ដោយអនុវត្តលើការការពារបរិស្ថានផងដែរ។

បើតាម លោក Chung បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការតម្លើងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្ត ដើម្បីនាំចេញ។ លោក បានបន្តឱ្យដឹងទៀតថា ជាមួយគ្នានេះដែរ ចំពោះក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។

នៅក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ លោក Chung Sye-kyun ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បន្ថែមពីនេះតបលើការលើកឡើងអំពីគុណភាពខ្យល់ លោក បានជម្រាបផងដែរអំពីទិសដៅរបស់កម្ពុជាក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៃថាមពលប្រើប្រាស់សរុបសម្រាប់ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យ លោក Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរ។

គូសបញ្ជាក់ថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់រដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)