Register Already an agent ? Login

ក្រុមហ៊ុន Bühler Group របស់ស្វីស សន្យានាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេ ចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Mary Akinyi Olwal នាយិកាក្រុមហ៊ុន Bühler Group បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

ការលើកឡើងរបស់ លោកស្រី Mary Akinyi Olwal នាជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឱកាស សម្តេចធិបតី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

នាជំនួបនេះ លោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ជម្រាបអំពីវឌ្ឍនភាពរនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Bühler Group ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅកម្ពុជា។

លោក ស្រីនាយិកា ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេស។

ក្នុងជំនួបនោះ ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នេះគឺនៅតែបន្តយកចិត្តទុកដាក់នៅក្នុងការផ្ដល់អាទិភាពទៅលើវិស័យកសិកម្មតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល និងការដាក់ពង្រាយមន្ដ្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានសម្ដែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងការពង្រីកនិងការនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីជួយដល់ផ្នែកផលិតកម្ម កសិកម្មនៅកម្ពុជា ការកសាងធនធានមនុស្ស និងការស្ដុកទុកផលិតផលកសិកម្មក្នុងបរិមាណច្រើន និងរយៈពេលយូរ។ 

ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់ក្រុមហ៊ុន បន្តកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយសហការគាំទ្រ និងលើកកម្ពស់ដល់ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)