Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ៧.៧លានដុល្លារ កើន៩.៥៣% ១១ខែ ឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ៧.៧លានដុល្លារ កើនឡើង ៩.៥៣% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។

ក្នុងនោះ កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅទីផ្សារហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និង ស្បែកជើង។ រីឯ ទំនិញនាំចូលពីហុងគ្រីរួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើ ពីទឹកដោះ ជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រី នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

កិច្ចប្រជុំលើកទី២នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រី (Joint Committee on Economic Cooperation) ក្រោមអធិបតីភាពសហប្រធាន លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃ ក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក Tristan AZBEJ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារនិងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗឱ្យកាន់តែល្អប្រសើរស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រី ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាអំឡុងពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ ធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី។

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ ប្រមាណ៨៤% ធៀបនឹងឆ្នាំ២០២១ ដែលនេះ បង្ហាញពីជំហានវិជ្ជ មានគួរឱ្យកត់សម្គាល់ និងបានឯកភាពក្នុងការខិតខំពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើ វិស័យអាទិភាពមានដូចជា៖

១-វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ២-កិច្ចសហប្រតិបត្តិការលើគម្រោងឥណទាន, ៣-កិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន, ៤-កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម, ៥-កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ, ៦-កិច្ចសហប្រតិបត្តិការលើមូលនិធិហិរញ្ញវត្ថុដែលគ្រប់គ្រង ដោយគណៈកម្មការអឺរ៉ុប, ៧-វិស័យអប់រំ យុវជន និងកីឡា, ៨-វិស័យវប្បធម៌ និង ៩-វិស័យអាកាសចរស៊ីវិល។

ដោយឡែក សម្រាប់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ភាគីទាំងពីរបានបង្ហាញឆន្ទៈខ្ពស់ក្នុងការបន្តបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល និងបានជំរុញលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន ស្វែងរកកាលានុវត្តភាពធុរកិច្ចបន្ថែម ជាពិសេស ក្នុងវិស័យសំខាន់ៗដូចជា៖ ផលិតផលនិងបច្ចេកវិទ្យាកសិកម្ម កម្មន្តសាល បរិស្ថាន សុខភាព និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។

ភាគីទាំងពីរ ក៏បានឯកភាពបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការផ្តល់គម្រោងឥណទាន ជាពិសេស ក្នុងវិស័យកសិកម្ម សន្តិសុខស្បៀងអាហារនិងការគ្រប់គ្រងធនធានទឹក ព្រមទាំងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិផងដែរ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចប្រជុំ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយមិត្តភាព និងបានឯកភាពគ្នាក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នាកាលបរិច្ឆេទសមស្របខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)