Register Already an agent ? Login

រាជរដ្ឋាភិបាល បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋបានប្រមាណ ៥លានបណ្ណ នឹងបន្តចែក២លានបណ្ណទៀត

ភ្នំពេញ៖ គិតមកដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥លានបណ្ណរួចមកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២លានបណ្ណទៀត នឹងត្រូវបន្តចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅទូទាំងប្រទេស។

 រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ "កម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨" ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ គឺបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្ម និងស៊ីជម្រៅលើវិស័យដីធ្លី។

តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីលើកដំបូង ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញការចុះបញ្ជីបន្តដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ។

លើសពីនេះ រាជរដ្ឋាភិបាល ក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋស៊ីវិលក្រីក្រ ឬ ផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន, អតីតកងកម្លាំងប្រដាប់អាវុធ, គ្រួសារដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ ប្រកបដោយតម្លាភាព និងសមធម៌។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)