Register Already an agent ? Login

ក្រុមហ៊ុនទូរគមនាគមន៍ បារាំងគ្រោងពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតពីកម្ពុជា ទៅកាន់បណ្ដាប្រទេសផ្សេងៗ

ភ្នំពេញ៖ ក្រុមហ៊ុន Orange SA ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខរបស់បារាំង និងលើពិភពលោក បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូអស់រយៈពេលជាង ៣០ឆ្នាំមកហើយ គ្រោងពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត​ តាមរយៈ​ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅ​បណ្តា​ប្រទេស​នានា​។  

នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានអនុញ្ញាតឱ្យ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករានេះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន និងសកម្មភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោក ជម្រាបជូន សម្ដេចធិបតី ថាក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ​ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ5G ឱ្យមានប្រសិទ្ធភាពខ្ពស់មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។

ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត​ តាមរយៈ​ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅ​បណ្តា​ប្រទេស​នានា​។ ជាបញ្ជាក់ លោក Emmanuel។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់​និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងព័ត៌មាន។

គូសបញ្ជាក់ថា Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខ របស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣៦ ០០០នាក់ ដោយប្រតិបត្តិការ នៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។

ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់សេវាអន្តរជាតិទ្វេភាគី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)