Register Already an agent ? Login

ក្រុមហ៊ុន EDF បារាំងបង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ខណៈ កំពុងវិនិយោគនៅឡាវ

ភ្នំពេញ៖ ក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា ខណៈ កំពុងវិនិយោគលើវិស័យវារីអគ្គិសនីនៅប្រទេសឡាវ។

លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) នាជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន EDF មានបំណង វិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា។

ជំនួបខាងលើ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ សម្តេចធិបតី ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រី Makreeta បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុន EDF បាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ។

លោកស្រី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន EDF។

ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី Makreeta LAHTI និងបានបង្ហាញក្តីរីករាយចំពោះចំណាប់រម្មណ៍របស់ក្រុមហ៊ុន ក្នុងការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ផ្នែកថាមពលកកើតឡើងវិញ។

ក្នុងបរិយាកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជានិងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។

នាឱកាសនោះ សម្ដេចធិបតី បានគូសបញ្ជាក់ អំពីច្បាប់វិនិយោគរបស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគក្នុងវិស័យនេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅថ្ងៃអនាគត។

គូសបញ្ជាក់ថា ក្រុមហ៊ុន EDF គឺជាក្រុមហ៊ុនរដ្ឋបារាំង ដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្មជាតិ) និងមានអតិថិជនចំនួន ៤០,៣លាននាក់ ទូទាំងពិភពលោកដោយមានសមត្ថភាពផ្គត់ផ្គង់ដល់ ៤៣១,៧ TWh។

ក្រុមហ៊ុន EDF មានគោលដៅចម្បង ដើម្បីកសាងអនាគតថាមពលដែលបញ្ចេញកាបូនសូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដី និងជំរុញសុខុមាលភាព ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមានការគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។

ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូន និងចែកចាយថាមពលអគ្គិសនី ៣. ការផ្គត់ផ្គង់ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)