ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស ១១ខែ ឆ្នាំ២០២៣ មានទឹកប្រាក់សរុប ៨០០.៨២លានដុល្លារ ថយ ១១,៣ % បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២ មានចំនួន ៩០២.៦លានដុល្លារ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ក្នុងនោះ កម្ពុជានាំទំនិញទៅចក្រភពអង់គ្លេស ៧២៧.០៤លានដុល្លារ ថយ ១១,៦% អង់គ្លេសនាំមកកម្ពុជាវិញ ៧៣.៧៨លានដុល្លារ ធ្លាក់ចុះ ៧,៧%។
បើតាមរបាយការណ៍ បានបញ្ជាក់ថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំទី១០ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ សិង្ហបុរី និងកាណាដា។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនរឹងមាំនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបញ្ហាដែលទើបកើនឡើងក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺសុទ្ធតែមានឥទ្ធិពលលើពាណិជ្ជកម្មជាអន្តរជាតិ។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
បើតាម អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដីបន្តថា ការធ្លាក់ចុះនៃចំនួនទឹកប្រាក់នាំចូលពីចក្រភពអង់គ្លេស គឺដោយសារតែកំណើនផលិតកម្មនៅក្នុងស្រុករបស់កម្ពុជា ហើយក៏អាចដោយសារផលិតផលមួយចំនួនត្រូវបាននាំចូលពីប្រទេសជិតខាងជំនួសផងដែរ។
ចក្រភពអង់គ្លេស គឺនៅតែជាទីផ្សារទិសដៅសំខាន់សម្រាប់កម្ពុជា ព្រោះការនាំចេញទំនិញទៅទីនោះស្ថិតក្រោមលក្ខខណ្ឌពន្ធពិសេស ហើយកម្ពុជាក៏អាចយកទីផ្សារចក្រភពអង់គ្លេសដើម្បីបន្តទៅប្រទេសសមាជិកសហភាពអឺរ៉ុបផងដែរ។ បើតាមការបន្តទៀត លឹម ហេង បានបន្ថែមថា បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស កាលពីពេលកន្លងមកក៏បានប្រកាសបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជាផងដែរ។
លោក បានឱ្យដឹងថា ទំនិញដែលកម្ពុជានាំទៅចក្រភពអង់គ្លេស មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម រីឯ អង់គ្លេសនាំមកកម្ពុជា មានដូចជា៖ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិកជាដើម។
គួររម្លឹកថា ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចក្រភពអង់គ្លេស មានតម្លៃសរុបជិត ៩៧៧,៤៤លានដុល្លារ កើន ២៣,៩៨% បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៧៨៨,៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ ៨៨៦,៤២លានដុល្លារ កើន ២១,១% និងពីចក្រភពអង់គ្លេសនាំចូល ៩១,០២លានដុល្លារ កើន ៦០,២%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)