Register Already an agent ? Login

សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជប៉ុន ប្រមូលផ្តុំនូវក្រុមហ៊ុនយក្សជាច្រើន មានបំណងបោះទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ មានបំណងបោះទុនវិនិយោគនៅកម្ពុជា ខណៈ លោក OBAYASHI TAKEO ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION សន្យាជួយជំរុញទឹកចិត្តក្រុមហ៊ុនជប៉ុនដទៃឱ្យទៅវិនិយោគនៅប្រទេសកម្ពុជា។

នាឱកាសថ្ងៃចុងក្រោយដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នាក់នៅប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ លោក OBAYASHI TAKEO បានចូលជួបសម្តែងការគួរ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មុនពេល សម្តេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជប៉ុន។

នាជំនួបនេះ លោក OBAYASHI TAKEO ប្រធានក្រុមហ៊ុន OBAYASHI CORPORATION បានថ្លែងអំណរគុណចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។

ក្នុងឱកាសនោះ លោក OBAYASHI TAKEO ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃជម្រាបអំពីសកម្មភាពអាជីវកម្មរបស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេស សកម្មភាពការងារមួយចំនួនដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជា ការជួលជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ជាដើម។

លោក ក៏បានបញ្ជាក់ឱ្យដឹង អំពីបំណងពង្រីកវិនិយោគរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តក្រុមហ៊ុនជប៉ុនដទៃឱ្យទៅវិនិយោគនៅប្រទេសកម្ពុជា ។ លោកប្រធាន បានជម្រាបជូន សម្តេចធិបតី ផងដែរ​​​ អំពីគម្រោងពិព័រណ៍សាកលនៅក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ២០២៤ ខាងមុខនេះ ជាមួយក្តីសង្ឃឹមថាកម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក អូបាយ៉ាស៊ី តាកេអុ ​និងសហការី។ ក្នុងឱកាសនោះ សម្តេចធិបតី បានជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាពេលខាងមុខនេះ។

មានសេចក្តីសោមនស្សរីករាយចំពោះសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ មានបំណងបោះទុនវិនិយោគនៅកម្ពុជា។ ប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយនេះ សម្តេច បានលើកទឹកចិត្តឱ្យបន្តជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។

លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់ ។ បរិយាកាសទាំងនេះ ជាការជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសខ្នាតយក្ស ដែលមានទីតាំងក្នុងតំបន់កាន់សៃ នៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងនោះរួមមានចំនួន ៧ខេត្ត ដូចជា៖ ខេត្តអូសាកា, ខេត្តក្យូតុ, ខេត្តហ្យូហ្កុ, ខេត្តណារ៉ា, ខេត្តស៊ីហ្កា, ខេត្តមិអិ និងខេត្តវ៉ាកាយ៉ាម៉ា ដោយក្រុមហ៊ុនយក្សទាំងអស់នោះ សុទ្ធសឹងមានឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)