Register Already an agent ? Login

KOITA កូរ៉េខាងត្បូងសិក្សាលទ្ធភាព ស្វែងរកដៃគូបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម

ភ្នំពេញ៖ គណៈប្រតិភូសមាគមបច្ចេកវិទ្យាឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ (KOITA) បានមកទស្សកិច្ចកម្ពុជា សិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងស្វែងរកដៃគូដើម្បីមកបណ្តាក់ទុនវិនិយោគ នាពេលដ៏ខ្លីខាងមុខ។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ KOITA ដែលដឹកនាំដោយ លោក SHIM MYOUNG SIK ប្រធានក្រុមស្រាវជ្រាវទីផ្សារបរទេស ពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីល្អឥតខ្ចោះនៃសមាគមបច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាម ជំនួបខាងលើបានរៀបចំ និងប្រព្រឹត្តទៅក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្វែងយល់អំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ច, និងបរិស្ថានវិនិយោគកម្ពុជាក្នុងដំណាក់កាលរស់នៅតាមគន្លង ប្រក្រតីភាពថ្មីក្រោយការរីករាល ដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក សួន សុផល បានជម្រាបជូនគណៈប្រតិភូអំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមលើកកម្ពស់និងផ្តល់កិច្ចសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសម្រេចបាន នូវវិស័យឯកជន ដែលមានស្ថិរភាព និងភាពរឹងមាំក្នុងដំណើរការអភិវឌ្ឍន៍ របស់ព្រះរាជាណាចក្រកម្ពុជា។

លោក បានបន្តថា ក្នុងន័យនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ចេញនូវយន្តការជាច្រើន ហើយក្នុងនោះរួមមានការ ធ្វើបច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគដែលបាននិងកំពុងចូលរួមជាអនេកក្នុងការបង្កើតបរិយាកាសធុរកិច្ចឈ្នះ-ឈ្នះ និងបរិស្ថានវិនិយោគកក់ក្តៅជូនវិនិយោគិន សំដៅធានាបាននូវភាពជោគជ័យ និងការរីកលូតលាស់នៃគម្រោងវិនិយោគ របស់វិស័យឯកជននៅលើទឹកដីកម្ពុជា។

ជាការឆ្លើយតប គណៈប្រតិភូ KOITA បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងស្វែងរកដៃគូដើម្បីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។ 

គួរបញ្ជាក់ជូនផងដែរ គណៈប្រតិភូដែលបានអញ្ជើញចូលរួមនាឱកាសនេះ មានសមាសភាពមកពីវិស័យយានយន្ត, អេឡិចត្រូនិក, ឌីជីថល, អគ្គិសនី, ថាមពលបៃតង, បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)