Register Already an agent ? Login

សមាគមហឺហួយ បានសម្រេចចិត្តវិនិយោគវិស័យអាទិភាពនៅខេត្តព្រះសីហនុ ហិរញ្ញវត្ថុ កសិឧស្សាហកម្ម ភស្តុភារកម្មសមុទ្រ និងជលយានដ្ឋាន

ព្រះសីហនុ៖ គណៈប្រតិសមាគមហឺហួយ (Hehui) មកពីប្រទេសចិន ដឹកនាំដោយលោកប្រធាន វ៉ាង ឈុនហួយ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានសម្រេចចិត្ត វិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យហិរញ្ញវត្ថុ, កសិឧស្សាហកម្ម,​ ភស្តុភារកម្មសមុទ្រ, និង ជលយានដ្ឋានផងដែរ។

ជំនួបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ សមាជិកនៃប្រតិភូបានលើកឡើង ដោយបានបញ្ជាក់ថា ពេលនេះជាពេលដែលសមរម្យបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលខេត្តនេះបានបំពេញគ្រប់លក្ខខណ្ឌវិនិយោគទាំង៣ របស់ជនជាតិចិនជាអាទិ៍៖ ១.​កាលានុវត្តភាព ២.យុទ្ធសាស្ត្រទីផ្សារ ៣.មនុស្ស។

លោកប្រធាន វ៉ាង ឈុនហួយ គូសបញ្ជាក់ថា គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូហឺហួយ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពី ការអភិវឌ្ឍកំពង់ផែ និងជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។

លោក បានរម្លឹកថា ដំណើរទស្សនៈកិច្ចនេះជាការអញ្ជើញមកសិក្សាបន្ថែមលើកទី២ បន្ទាប់ពីដំណើរទស្សនៈស្វែងយល់បឋមដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមកសាជាថ្មី និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្ដានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ដែលក្នុងនោះមានជនជាតិចិនលេចធ្លោជាងគេ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរង បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ បើតាមលើកឡើង លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​មធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។

បន្ថែមពីលើនេះ លោកអភិបាលរងបានលើកឡើងពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា។

ដោយ៖ មឿន ឌីណា (Moeun  Dyna)