Register Already an agent ? Login

ធនាគារពិភពលោក ផ្ដល់ថវិកា ១៦៣លានដុល្លារ មកកម្ពុជាអនុវត្តគម្រោងទឹកស្អាត និងអនាម័យក្នុងខេត្តចំនួន៤

ភ្នំពេញ៖ ធនាគាពិភពលោក បាន​ផ្តល់​ការ​យល់ព្រម​លើ​​គម្រោងមួយ​ ដែល​មាន​តម្លៃ​ ១៦៣លានដុល្លារ សម្រាប់​ជួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ពង្រឹង​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​​អនាម័យជាប្រយោជន៍​ដល់​ប្រជាជនជាង ១៧៥ ០០០​នាក់​ នៅក្នុង​ខេត្តចំនួន៤ រួមមាន៖ ខេត្ត​បាត់ដំបង ពោធិ៍សាត់ មណ្ឌលគិរី និង​កណ្តាល។

ថ្វី​ត្បិត​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​ច្រើន​នៅ​ក្នុង​ការ​បង្កើន​លទ្ធភា​ពទទួល​បាន​ទឹក​ស្អាត និង ​​អនាម័យ​គួរ​អោយ​កត់​សម្គាល់​​ក៏ពិត​មែន​ នៅ​​មាន​កិច្ច​ខិត​ខំ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ថែម​ទៀត ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ទី៦ នៃ​គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព របស់​អង្គការ​សហ​ប្រជាជាតិ (SDG 6)  ស្តីពីទឹក​ស្អាត​ និង​អនាម័យ​សម្រាប់ទាំងអស់គ្នា ត្រឹម​ឆ្នាំ​២០៣០។

ត​ត្រឹម​ឆ្នាំ២០២២ មាន​មិនដល់មួយភាគបីនៃប្រជាជនកម្ពុជា​ផងទេ ដែល​មានលទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​​ដែល​មាន​ការ​គ្រប់​គ្រង​ដោយ​សុវត្ថិភាព ហើយ​មានលើសមួយភាគបីបន្តិចប៉ុណ្ណោះ​ ដែល​មាន​លទ្ធ​ភាពប្រើ​ប្រាស់សេវា​​អនាម័យ​ដែល​មាន​ការ​គ្រប់​គ្រង់​បាន​ល្អ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “កិច្ច​គាំ​ទ្រ​នេះ​នឹង​ជួយ​រដ្ឋា​ភិបាលក្នុង​ការ​កសាងគ្រឹះរឹងមាំមួយ សម្រាប់​ផ្តល់​សេវា​ចាំ​បាច់​ទាំងនេះទៅដល់​ប្រ​ជា​ជន​កម្ពុជា ហើយ​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និង​អ្នក​ក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្ន​មិនទាន់ទទួលបានសេវាទាំងនេះ”។

គម្រោងជម្រុញ​ការផ្គត់ផ្គង់ទឹកស្អាត​និង​អនាម័យ (Water Supply and Sanitation Acceleration Project) នេះ ដែល​មានរយៈពេលប្រាំមួយ​ (០៦) ឆ្នាំ​ នឹង​ជួយដល់សកម្មភាព​នានា​របស់​រដ្ឋា​ភិបាល​ នៅ​ក្នុង​ការ​បង្កើន​​លទ្ធភាព​ទទួល​បានការផ្គត់ផ្គង់ទឹកស្អាត និង​ ​អនាម័យ ការ​កែលម្អ​ប្រតិបត្តិការ និង​ការថែទាំ​ប្រព័ន្ធ​​ទឹក​ស្អាត​និង​អនាម័យ​ដែល​មាន​នា​ពេល​​បច្ចុប្បន្ន និងក្នុង​ការ​​ធានា​ដល់​ចីរភាព​របស់​សេវាទាំងនេះ។

គម្រោងនេះ​មាន​សកម្មភាពមួយ​សម្រាប់​បង្កើន​ការវិនិយោគហិរញ្ញវត្ថុឱ្យ​អស់​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ ដោយ​​ធ្វើ​ការ​ជាមួយ​ប្រតិបត្តិករផ្គត់ផ្គង់​ទឹកស្អាត​ឯកជន ដែល​​កំពុង​និង​​​បាន​​​ចូល​រួម​​ចំ​ណែក​​ជាង​ពាក់​កណ្តាលនៃ​បណ្តាញ​ទុយោ​ទឹកទាំងអស់នៅ​កម្ពុជា នៅ​ក្នុង​ការ​កៀរគរ​ធនធានចំនួន​ប្រមាណ​ប្រហែល​ ១៧,៦លានដុល្លារ បន្ថែមទៀត ពីប្រភពឯកជន សម្រាប់​ពង្រីក​​ការ​​ផ្គត់ផ្គង់សេវា​ទឹក​ស្អាត។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​ប្រសាសន៍ថា ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជា​វិស័យ​អាទិភាពមួយ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយភាពធន់ និង​​ចីរភាព និងសម្រាប់​ការ​ពង្រឹង​សេដ្ឋកិច្ច។ ​គម្រោងនេះនឹង​ជួយ​រដ្ឋា​ភិបាល​ក្នុង​ការ​អនុវត្តចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍រួមរបស់ខ្លួន ហើយ​យើង​ប្តេជ្ញាថា​និង​ធានា​ឱ្យ​មាន​កំណើន​ប្រកបដោយចីរភាព នៅ​ក្នុង​វិស័យនេះ ក៏ដូចជា​ក្នុង​ការឈានទៅសម្រេចគោលដៅ SDG 6ឱ្យ​បាន​ផងដែរ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន មាន​ប្រសាសន៍ថា រាជរដ្ឋា​ភិបាល​កម្ពុជា ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​ទៅលើ​ការ​គ្រប់​គ្រង​សំណល់​ទឹក​កខ្វក់ និង​ភក់សំណល់​បង្គន់ ដូច្នេះ ការវិនិយោគ​ទៅលើ​ប្រព័ន្ធ​អនាម័យ​ក្រោ​ម​គម្រោងនេះ ពិត​ជា​មាន​សារៈសំខាន់ខ្លាំងណាស់​សម្រាប់​ធានាឱ្យ​បាន​នូវនិរន្តរភាព​​របស់​សេវា​អនា​ម័យ ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​មាន​ការ​វិវឌ្ឍ​ប្រែ​ប្រួល​ជា​វិជ្ជមានទៅថ្ងៃមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)