Register Already an agent ? Login

ក្រុមហ៊ុនផ្តល់សេវាទូរសព្ទ និងសេវា internet កម្រិត 4G&5G របស់ចិន ស្វែងរកដៃគូវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរសព្ទ និងសេវា internet កម្រិត 4G&5G ដែលមានទីស្នាក់ កណ្តាលនៅខេត្ត Guangzhou ប្រទេសចិន បានមកទស្សនកិច្ចកម្ពុជា ស្វែងរកដៃគូវិនិយោគក្នុងស្រុក។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក Deng Yongzhi នាយកក្រុមហ៊ុន SageRan និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសភាពាណិជ្ជកម្មកម្ពុជា។

អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

នាជំនួបនេះ លោក Deng Yongzhi បានជម្រាបជូនឱ្យដឹងថា ក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរសព្ទ និងសេវា internet កម្រិត 4G & 5G ដែលមានទីស្នាក់កណ្តាលនៅខេត្ត Guangzhou និងមានសាខានៅរដ្ឋធានី ប៉េកាំង, ទីក្រុង Wuhan, ទីក្រុង Changsha, និងនៅទីក្រុង Zhuhai នៃប្រទេសចិន។

លោក Deng Yongzhi បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងនៃការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺដើម្បីស្វែងរកដៃគូវិនិយោគក្នុងស្រុក។

ជាការឆ្លើយតប អគ្គលេខាធិការ បានជម្រាបជូនថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការវិនិយោគក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់គឺជាវិស័យអាទិភាពទី១ ដែលទទួលបានការលើកទឹកចិត្តអតិបរមា។

ជាមួយគ្នានេះ លោក ជា វុទ្ធី បានស្នើឱ្យក្រុមហ៊ុនធ្វើការ សិក្សាលម្អិតជាមួយនិយ័តករទូរគមនាគមន៍កម្ពុជានៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍និងជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សានិងស្វែងរកដៃគូវិនិយោគរួម គ្នា។

លោក បានញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រគម្រោងវិនិយោគរបស់ ក្រុមហ៊ុន និងរង់ចាំផ្តល់កិច្ចសម្រួលក្នុងការដាក់ ពាក្យស្នើសុំវិនិយោគ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)