Register Already an agent ? Login

រដ្ឋសភា បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋសភានៃកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចរដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានវត្តមានសមាជិកសមាជិការដ្ឋសភាចំនួន ១០០រូប ដោយបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានចំនួន ៩៥សំឡេង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាម ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

សេចក្តីព្រាងច្បាប់ស្តី ពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ ដែលរាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋបានប្រសូតចេញពីការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ស្របទៅតាមគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតរហូត ដល់ជាង៨លាន២សែននាក់ ត្រូវជាប្រមាណ ៨៤,៥៩%នៃចំនួនប្រជាពលរដ្ឋមាន ឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។

ថវិកាឆ្នាំ២០២៤ ត្រូវបានគិតគូរ និងរៀបចំឡើងជាពិសេស ដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជា យុទ្ធសាស្ត្រទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយ សង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលបំណងសំខាន់ៗ ដូចជា៖ បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេល មធ្យមប្រកបដោយបរិយាបន្ន។

ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងកសាង ភាពធន់នៃសង្គមកម្ពុជា សម្រាប់ត្រៀមឆ្លើយតបទៅនឹងគ្រោះអាសន្ន ដែលអាចកើតមានឡើងជាយថាហេតុ។

តម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្ដ្រីរដ្ឋបាលថ្នាក់ ក្រោមជាតិ ក្នុងកម្រិតសមស្រប ដោយផ្អែកលើសមិទ្ធកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការផ្តល់សេវាសាធារណៈ។

តម្លើងប្រាក់សោធន និងកាត់បន្ថយគម្លាតនៃប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី ជូនដល់អតីតមន្ត្រីរាជការ និងអតីតកងកម្លាំងប្រដាប់អាវុធ។ ន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការ អភិវឌ្ឍបៃតង សំដៅលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច គាំទ្រការធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។ បន្តគាំទ្រការអភិវឌ្ឍនៃសហគ្រាសធុនតូចនិងមធ្យម តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពី វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ការដាក់ចេញនូវវិធានការលើកទឹកចិត្ត ជាក់លាក់ និងការកែលម្អបរិយាកាសធុរកិច្ច។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ជួយឱ្យ រាជរដ្ឋាភិបាល អាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងហានិភ័យទាំងឡាយទាំងក្នុង និងក្រៅប្រទេស សំដៅបន្ត ការពារអាយុជីវិត ( លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងគោលជំហរប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្ត ទុកដាក់ជាពិសេសលើមនុស្ស សមត្ថភាព សា្ថប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។

គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ១៤មាត្រា, លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាល និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់, សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មាន លោក ប៊ិន ឈិន, អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់នេះទាំងមូល មានចំនួន ៩៥សំឡេង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)