Register Already an agent ? Login

សម្តេចធិបតី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលអ្នកដំណើរ ៧លាននាក់ ក្នុង១ឆ្នាំ

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងពិធីខាងលើ ប្រមុខរាជររដ្ឋាភិបាលបានថ្លែងថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃ កម្ពុជា ហើយកិច្ចព្រមព្រៀងសម្បទានសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីឆ្នាំ២០១៦។

ដំណើរការសាងសង់បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឱ្យប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ។ បើតាមការបន្ត សម្ដេចធិបតី។

សម្ដេចធិបតី បានបន្តទៀតថា អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទ ជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ជើង ក្នុង១ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមថា គម្រោងទាំងមូលបានប្រើប្រាស់ផ្ទៃដីសរុប ៧០០,៦ហិកតា និងដីបម្រុង ១.០០០ហិកតា សម្រាប់គាំទ្រដល់ផែនការពង្រីកជាដំណាក់ៗ ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានកម្រិត 4F នៅថ្ងៃខាងមុខ ព្រមជាមួយនឹងគម្រោងកសាងទីតាំងជាតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបថ្មី។

សម្តេចធិបតី បានរំឭកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្ដិភាព ហើយការជ្រើសរើសទីតាំងដែលធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់ សម្ដេចតេជោ ក្នុងការប្រែក្លាយ “តំបន់សង្រ្គាម” ទៅជា “តំបន់អភិវឌ្ឍ” សំដៅជំរុញការអភិវឌ្ឍតាមមូលដ្ឋានឱ្យបានជឿនលឿន និងកែលម្អជីវភាពប្រជាពលរដ្ឋ ជាពិសេស ការកាត់បន្ថយភាពក្រីក្រក្នុងចំណោមគ្រួសារងាយរងគ្រោះនៅតាមសហគមន៍ដាច់ស្រយាល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)