Register Already an agent ? Login

ក្រុងDalian របស់ចិន និងខេត្តសៀមរាប ចងសម្ព័ន្ធមេត្រីភាព ដ្តោតលើវិស័យសំខាន់ៗ ពិសេស នឹងមានហោះហើរត្រង់មកសៀមរាប

សៀមរាប៖ ក្រុង Dalian ខេត្តLiaoning ប្រទេសចិន បានចងសម្ព័ន្ធមេត្រីភាពជាមួយនិងខេត្តសៀមរាប ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុង និងខេត្តទាំងពីរដោយផ្តោតលើវិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និង វិស័យផ្សេងៗទៀត។ ជាមួយគ្នានឹងមានយន្តហោះផ្ទាល់ ធ្វើការហោះហើរឆ្ពោះមកកាន់ខេត្តសៀមរាបផងដែរ។

លោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Dalian បានដឹកនាំគណៈប្រតិភូក្រុង Dalian ខេត្តLiaoning ពិភាក្សាការងារមួយចំនួន ជាមួយលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តខេត្តសៀមរាប ក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត នាយកទីចាត់ការនៅសាលាផងដែរ ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៣។

ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុង Dalian ខេត្ត Liaoning ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានបង្ហាញសង្ខេបអំពីភូមិសាស្ត្រខេត្តសៀមរាប និងអំពីតួនាទីភារកិច្ច ព្រមទាំងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាខេត្តដែលបានអនុវត្តរយៈពេលកន្លងមក។

លោក Wang Tianwei បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាខេត្ត ដែលបានចំណាយពេលវេលាជួបពិភាក្សានាពេលនេះ។ លោក បានបញ្ជាក់ថា ការអញ្ជើញមកជួបសំណេះសំណាលនេះ សំដៅលើការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង Dalian និងខេត្តសៀមរាប ដែលបានចុះហត្ថលេខាយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុង និងខេត្តទាំងពីរដោយផ្តោតលើវិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និង វិស័យផ្សេងៗទៀត។

នាឱកាសនោះ លោក ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ ក្រុង Dalian ប្រទេសចិន ព្រមទាំងបានគូសបញ្ជាក់ ក្រុងDalian ជាក្រុងមួយមានយន្តហោះផ្ទាល់ និងធ្វើការហោះហើរផ្ទាល់ឆ្ពោះ មកកាន់ខេត្តសៀមរាប ដើមី្បបង្កើននូវវិស័យទេសចរណ៍ សំដៅឱ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីទាំងពីរ មានការរីកចម្រើនទៀតផង។

ខណៈនោះ លោកប្រធានប្រតិភូ ក៏បានស្នើសុំដល់ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប ចាត់តាំងរៀបចំប្រតិភូទៅធ្វើការទស្សនកិច្ចសិក្សាស្វែងយល់នៅក្រុង Dalian ខេត្តLiaoning ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)