Register Already an agent ? Login

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកម្ចីWB ៥៥លានដុល្លារ សម្រចបាន៣៦,៣៦%

ភ្នំពេញ៖ វឌ្ឍនភាពគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ៥៥លានដុល្លារ សម្រេចបាន ៣៦,៣៦% គិតត្រឹម ខែតុលា ឆ្នាំ២០២៣។ បើតាមប្រជុំប្រចាំខែតុលា ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារនៃគម្រោងនេះ ដឹកនាំដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជនេះ ក៏មានការចូលរួមពី អនុរដ្ឋលេខាធិការ នាយកគម្រោង ក្រុមហ៊ុនទទួលបន្ទុកការសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ឋផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ រស់ វណ្ណា បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាគម្រោងយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេសនៃកិច្ចសន្យាឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឱ្យគម្រោងនេះបញ្ចប់តាមផែនការកំណត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ គិតត្រឹម ខែតុលា ឆ្នាំ២០២៣ សម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦% ដោយបានចំណាយពេលអនុវត្តគម្រោងជាង ៦៦%។

គូសបញ្ជាក់ថា គម្រោងនេះ បានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

គម្រោងនេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗត្រូវបានរំពឹងទុកថា នឹងអាចចូលរួមដោះស្រាយបញ្ហា ទាក់ទង នឹងស្តង់ដារគុណភាពបញ្ចេញទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តកម្ម យន្តការកំណត់តម្លៃសេវាទឹកកខ្វក់ គំនិតផ្តួចផ្តើម នៃការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ចូលក្នុងវិក្កយបត្រទឹកស្អាត និងការពង្រឹងការផ្តល់សេវា ការគ្រប់គ្រង សំណល់ភក់ពីបង្គន់ជាដើមបានបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)