Register Already an agent ? Login

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលភ្ញៀវពីជាង២ពាន់ទៅ៣ពាន់នាក់ ក្នុង១ថ្ងៃ អាស៊ាន៧៥% អឺរ៉ុប២៥%

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ ខែតុលា ២០២៣ បានទទួលអ្នកដំណើរចម្រុះជាតិសាសន៍ ក្នុងនោះអាស៊ាន៧៥% អឺរ៉ុប ២៥% ជាមធ្យមកើនពីចន្លោះ ២,៦០០នាក់ ទៅ៣,២០០នាក់ ក្នុង១ថ្ងៃ។ បើតាមថ្លែងឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

បើតាម លោក ស៊ីន ចាន់សិរីវុត្ថា បានបន្តឱ្យដឹងថា ចំនួនជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងកើនដល់ ៤២ជើង ក្នុង១ថ្ងៃ (ទ្វេទិស) នៅរដូវកាល Winter 2023នេះ។ បច្ចុប្បន្ន មានក្រុមហ៊ុនហោះហើរចំនួន ៧ នឹងមានកើនឡើងដល់ ៩ ទៅ១០ក្រុមហ៊ុន នៅសប្តាហ៍បន្តបន្ទាប់ៗខាងមុខ។

គូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនេះ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ 4E ដែលអាចផ្តល់លទ្ធភាព ឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ចុះចតបាន។ មានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ ក្នុង១ឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ ក្នុង១ឆ្នាំ សម្រាប់ផែនការរយៈពេលវែង។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។ 

បើតាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្សាយកាលពីថ្មីៗនេះថា ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

សម្ដេចធិបតី បានបន្តថា ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)