Register Already an agent ? Login

អគារថ្មីក្រសួងមហាផ្ទៃ កម្ពស់៩ជាន់ រចនាប័ទ្មខ្មែរ តម្លៃ៦០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ កម្ពស់ ៩ជាន់ ជាប្រភេទស្ថាបត្យកម្មក្លាស៊ិក រចនាប័ទ្មខ្មែរ ដែលមានតម្លៃ ៦០លានដុល្លារ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អគារថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងអគារទីស្តីការចាស់(អគារA) ក្នុងបរិវេណនៃក្រសួងមហាផ្ទៃ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារទីស្តីការថ្មីនេះ បានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង។

សំណង់ស្ថាបត្យកម្ម សំណង់អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងមានរាងបួនជ្រុងទ្រវែង មានបណ្តោយ ១៥៣ម៉ែត្រ ទទឹង ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ម៉ែត្រការ៉េ ហើយអាចផ្ទុកមនុស្សបានសរុបចំនួន ៦,០៥១នាក់ សម្រាប់ចំណតរថយន្តអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។

ប្លង់ស្ថាបត្យកម្មអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្មក្លាស៊ិក រចនាប័ទ្មខ្មែរ សាងសង់អំពីគ្រឿងបង្គុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បុកចំនួន៥ យកលំនាំតាមប្រាសាទអង្គរវត្តកំពូលប្រាំ កម្ពស់ ១១៨ម៉ែត្រ និងមានលំហសួនច្បារនៅចំកណ្តាលអគារចំនួន ៣។

សំណង់នេះ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ ដោយស្ថាបត្យករ បានគិតគូរយ៉ាងហ្មត់ចត់អំពី ពន្លឺ ខ្យល់ធម្មជាតិ ចេញ ចូល គ្រប់គ្រាន់ប្រកបដោយផាសុកភាព ព្រមទាំងបានរំលេចពណ៌ស ស្ទើរពេញផ្ទៃអគារ លើកលែងតែខ្លោងទ្វារមុខប្រើប្រាស់ថ្មម៉ាបធម្មជាតិពណ៌មង្ឃុត និងបានបញ្ចូលក្បាច់ផ្កាចន្ទន៍ រួមទាំងដំបូលបុស្បុកប្រក់ក្រឿងស្រកាលិញ ស័ក្តិសមជាកន្លែងធ្វើការសម័យទំនើប។

បន្ថែមលើសពីនេះ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ Building Management System (BMS) ដែលអាចត្រួតពិនិត្យលើបច្ចេកទេសទាំងអស់ ទាំងប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធសន្តិសុខជាដើម។

អគារទីស្តីការថ្មីនេះ មានមុខងារប្រើប្រាស់ ជាកន្លែងធ្វើការងាររដ្ឋបាលប្រមូលផ្តុំ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គនាយដ្ឋាន-អង្គភាព ដែលមានឋានៈស្មើ ព្រមទាំងគណៈកម្មាធិការជាតិ, គណៈកម្មការក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញ ជាច្រើនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)